ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបុកបង្កាន់ដៃពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងបណ្ដាលឲ្យមនុស្ស២នាក់របួសស្រាល

ចែករំលែក៖

ខេត្តកណ្ដាល៖ មនុស្ស២នាក់របួសស្រាល ខណៈបើកបររថយន្តឡើងស្ពានបានជ្រុលទៅបុកបង្កាន់ដៃពុះចែកទ្រូងផ្លូវឡើងស្ពាន បណ្ដាលឲ្យក្រឡាប់ផ្ងារជើងកណ្ដាលផ្លូវ ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២និង១០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៨ ចំណុចផ្លូវឡើងស្ពាន ព្រែកតាម៉ាក់ត្រើយខាងលិច ស្ថិតក្នុងភូមិកោះរការឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្តាល។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា រថយន្តបង្កម៉ាកFUSO សណ្ដោងសឺមីរ៉ឺម៉ក ពណ៍ស គ្មានស្លាកលេខ សឺមីរ៉ឺម៉កលេខព្រះសីហនុ3A-3862 បើកបរដោយឈ្មោះ ស៊ុន ភារុន ភេទប្រុសអាយុ៣៩ឆ្នាំ មានទីលំនៅភូមិភ្នំដិល ឃុំតាំងក្រាំងស្រុកបាធាយ ខេត្តកំពង់ចាម (របួសស្រាល) មានអ្នករួមដំណើរ១នាក់ឈ្មោះ ជា វេ ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រែកក្ដាម ឃុំកោះចិនស្រុកពញ្ញាឮ ខេត្តកណ្ដាល (របួសស្រាល) ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្តខាងលើ ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើបានបន្ថែមល្បឿនបើកឡើងស្ពានឡើងស្ពាន ភ្លាមនោះក៏បានបុករះបង្កាន់ដៃពុះចែកទ្រូងផ្លូវឡើងស្ពាន បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ធ្វើឲ្យអ្នកបើកបរនិងអ្នករួមដំណើររងរបួសស្រាល រីឯបង្កាន់ដៃពុះចែកទ្រូងផ្លូវឡើងស្ពានប្រវែងជាង២០ម៉ែត្រទទួលរងការខូចខាត ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរបួសធស្រាល ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ។ ចំណែកនគរបាលចរាចរណ៍ស្រុក បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើ ភ្លាមនោះ បានចុះអន្តរាគមន៍កន្លែងកើតហេតុ ដោយត្រួតពិនិត្យ និងវាស់វែង រួចកសាងឯកសារដកហូតយករថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។

តាមសេចក្ដីសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបញ្ជាក់ថា ករណីខាងលើនេះគឺបង្កឡើងដោយអ្នកបើកបរថយន្តបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន ទើបបានជាកើតមានគ្រោះបែបនេះឡើង ៕ ស្អាងជ័យ


ចែករំលែក៖