ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរនឹងប្តឹងប្រធានបក្សខ្មែរក្រោក ទៅតុលាការ ប្រសិនបើមិនកែតម្រូវអត្ថបទឡើងវិញ ដែលហ៊ានប្រៀបធៀបលោកឃួង ស្រេង ជាមួយសត្វធាតុ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ទាមទារឱ្យលោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក កែតម្រូវអត្ថបទឡើងវិញ ចៀសវាងការពិចារណានូវចំណាត់ការតាមផ្លូវតុលាការក្នុងបទ”ការប្រមាថនិងការប្រឆាំងនឹងអ្នករាជការសាធារណៈ”។

នេះបើយោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ផ្ញើជូនលោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ។

អាជ្ញាធរ បញ្ជាក់ថា ការសរសេររបស់លោកវឌ្ឍនាសាប៊ុង គឺ ប្រើពាក្យពេចន៍អសីលធម៌ គ្មានមូលដ្ឋានច្បាស់លាស់គ្រប់ជ្រុងជ្រោយ មានអត្ថន័យផ្ទុយទាំងស្រុងពីការពិត ប៉ុន្តែមានចរិតមួលបង្កាច់ ក្នុងចេតនាបង្ខូចកេរ្ដិ៍ឈ្មោះ ធ្វើឱ្យមតិសាធារណៈមានការ ភ័ន្តច្រឡំ នាំឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នករាជការសាធារណៈ និង ស្ថាប័នសាលារាជធានីភ្នំពេញ ផងដែរ ។

រដ្ឋបាលរាជធានីភ្នំពេញ សូមស្វាគមន៍និងរង់ចាំទទួលការរិះគន់ក្នុងន័យស្ថាបនាពីគ្រប់មជ្ឈដ្ឋាន ប៉ុន្តែមិនមែនជាការប្រមាថមើលងាយ ជាន់ឈ្លីកិត្តិយសរហូតដល់ថ្នាក់ប្រៀបធៀបមនុស្សជាមួយសត្វធាតុជាច្រើនលើកច្រើនសារនោះទេ ។

ក្នុងន័យនេះ ដើម្បីរក្សាតម្លៃតួនាទីជាប្រធានគណបក្សមួយរូបផ្តល់តម្លៃជូនមន្ត្រីរាជការសាធារណៈនិងដើម្បីផ្តល់ជូនព័ត៌មានសុក្រឹត្យនិងត្រឹមត្រូវដល់សាធារណជន រដ្ឋបាលរាជធានីភ្នំពេញ ស្នើលោកប្រធានពិនិត្យខ្លឹមសារ កែតម្រូវអត្ថបទឡើងវិញ ចៀសវាងការពិចារណានូវចំណាត់ការតាមផ្លូវតុលាការក្នុងបទ”ការប្រមាថនិងការប្រឆាំងនឹងអ្នករាជការសាធារណៈ”។

សូមបញ្ជាក់ថា ថ្មីៗនេះ ឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ដែលផ្តួចផ្តើមបង្កើតឡើងដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាន់តែមានឥទ្ធិពលមួយកម្រិតទៀត បន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញលិខិតមួយជម្រាបជូនអភិបាលរាជធានី-ខេត្តទាំង២៥រូប ។

នេះបើយោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ។

សម្តេច ស ខេង ថ្លែងថា “អភិបាលរាជធានី-ខេត្តទាំង២៥រូប ត្រូវផ្តល់កិច្ចសហការឱ្យបានជិតស្និទ្ធដល់ឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ក្នុងការចុះបំពេញបេសកកម្មការងារនៅតាមរាជធានី-ខេត្ត ឱ្យដំណើរការទៅដោយរលូនស្របតាមកម្មវិធីដែលបានគ្រោងទុកនិងទទួលបានលទ្ធផលល្អប្រសើរ”។

ចាប់តាំងពីបង្កើតឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឃើញថាសមាជិកម្នាក់ៗតែងតែចុះដល់មូលដ្ឋាន ដើម្បីបំពេញបេសកកម្មរបស់ខ្លួន ។ ប៉ុន្តែបេសកកម្មខ្លះ ក៏ត្រូវបានរាំងស្ទះពីសំណាក់អាជ្ញាធរ ឬ ក្រុមឈ្មួញផងដែរ ៕ចេស្តា


ចែករំលែក៖