ខេត្តបន្ទាយមានជ័យ៖ ព្រៃលិចទឹកជម្រកត្រីពងនៅក្នុងតំបន់អភិរក្សអតីតឡូត៍នេសាទលេខ១ នៃបឹងតន្លេ សាប សេចក្តីរាយការណ៍ឲ្យដឹងថាកំពុងត្រូវបានភ្លើងឆាបឆេះរយៈពេល៣ទៅ៤ថ្ងៃមកហើយមិនទាន់មានវិធានការទប់ស្កាត់នៅឡើយនោះទេ ។ សេចក្តីរាយការណ៍ឲ្យដឹងថាភ្លើងនៅតែបន្តឆាបឆេះចាប់ផ្តើមពីថ្ងៃទី១០រហូតដល់ថ្ងៃទី១៥ខែមីនា ឆ្នាំ២០១៩ ។ ព្រៃលិចទឹកប្រមាណ ១០០ហិកតាបាន រងការឆាប ឆេះនោះហើយ សេចក្តីរាយការណ៍ឲ្យដឹងទៀតថា ភ្លើងបន្តឆាបឆេះតំបន់ ព្រៃលិចទឹករវាង ព្រំប្រទល់ ឃុំសំបួរស្រុកមង្គលបូរីចូលដល់ទឹកដីឃុំតាពូង ឃុំបឹងព្រីង ស្រុកថ្ម គោលខេត្តបាត់ដំបងថែម ទៀតផងដែរ ។ ហេតុការណ៍ភ្លើងឆេះព្រៃស្ថិតចំណុចតតំបន់អភិរក្ស រហាល -កំព្រីង ក្នុងភូមិថ្ម១០ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នាយសង្កាត់ជលផលស្រុកមង្គលបូរី លោក សេង ធូ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ លោកទទួលស្គាល់ពិតជាមានករណីភ្លើងឆេះព្រៃលិចទឹកនៅចំណុចខាង លើនោះមែន ។ ភ្លើងឆាបឆេះរយៈពេល៣ទៅ៤ថ្ងៃមកហើយមិនទាន់រលត់នៅឡើយនោះទេ ជុំវិញបញ្ហា នេះលោកបានរាយការណ៍ទៅថ្នាក់លើរួចហើយ ដើម្បីចាតវិធានការដោះស្រាយ ។
លោកនាយសង្កាត់ជលផលស្រុកមង្គលបូរីឲ្យដឹងទៀតថា ភ្លើងឆេះព្រៃលិច ទឹកនោះ អស់ប្រមាណ១០០ហិកតានោះហើយ មូលហេតុបង្កឲ្យកើតមានភ្លើងឆេះ ព្រៃលិចទឹក នៅក្នុងតំបន់ ខាងលើ មិនទាន់ ដឹងមូលហេតុនៅឡើយនោះទេ ។ មន្រ្តីជំនាញកំពុងស្រាវ ជ្រាវស៊ើប អង្កេត ។ ប៉ុន្តែជុំវិញបញ្ហានោះ លោកដាក់ការសង្ស័យ ថាបង្កឡើងដោយប្រជាពលរដ្ឋ ទៅរកសត្វឃ្មុំ រឺប្រជាពលរដ្ឋចូលកាប់អុស នៅក្នុង តំបន់នោះ ។
សូមបញ្ជាក់ថាបញ្ហាភ្លើងឆេះព្រៃនិងការកាប់ទន្រ្ទានបំផ្លាញព្រៃលិចទឹកជាជម្រកត្រីពង ត្រូវបានប្រជានេសាទនៅក្នុងតំបន់បឹងទន្លេសាបនាំគ្នាលើកឡើងសំដែងចេញនូវការព្រួយបារម្ភថាជាផ្នែកមួយកំពុងធ្វើឲ្យមច្ចា ជាតិនៅក្នុងតំបន់បឹងទន្លេសាបបានរងការវិនាសបាត់បង់ ។ មិនតែប៉ុណ្ណោះ ទិន្នផលត្រី បាននិង កំពុងថយចុះជាបណ្តើរៗបើគ្មានវិធានការទប់ស្កាត់ទាន់ពេលវេលានោះ ។
ភ្លើងឆេះព្រៃលិចទឹកនោះផងដែរត្រូវគេមើលឃើញថាទន្ទឹមដែលប្រទេសកម្ពុជាកំពុងរងនូវឥទ្ធិពលបាតុភូតអែលនីញ៉ូ ។ ឥទ្ធិពលនៃបាតុភូតនេះនិងបង្កឲ្យអាកាសធាតុព្រះរាជាណាចក្រកម្ពុជានារដូវប្រាំងនេះ ជាពិសេសក្នុងខែមេសា និងខែឧសភាមានសភាព ក្តៅហួតហែង សីតុណ្ហភាព អតិបរមាអាចហក់ឡើងពី៤០ទៅ៤២អង្សា ។ អាកាសធាតុបែបនេះអាចងាយបង្កជាគ្រោះអគ្គិសភ័យ ដោយថាហេតុណាមួយ បើគ្មានការប្រុងប្រយ័ត្ននោះ ៕ សំ វិច្ឆិកា