ភ្នំពេញ៖ បុរសជនជាតិខ្មែរឥស្លាមម្នាក់ ដោយក្រុមគ្រួសារអះអាងថា មានជំងឺសសៃប្រសាទ ខណៈពេលបើកទូកចេញទៅនេសាទត្រី នៅក្នុងទន្លេមេគង្គនៅពេលយប់ បានយកខ្សែជ័រខ្មៅចងកជើងទាំង២ និងចងភ្ជាប់ទៅប៊ីដុងជ័រដាក់ខ្សាច់៣០គីឡូលោតទឹកសម្លាប់ខ្លួនរយះពេល២ថ្ងៃក្រោយទើបប្រជាពលរដ្ឋប្រទះឃើញសពអណ្តែតទឹកបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅ ក្នុងទន្លេមេគង្គភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
សពមានឈ្មោះ ស្លេះ កវី អាយុ៣៣ឆ្នាំ មុខរបរអ្នកនេសាទ ស្នាក់នៅភូមិ២សង្កាត់ជ្រោយចង្វា មានប្រពន្ធ និងកូន២នាក់។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា សពបុរសខាងលើបានបើកចេញទូកនៅម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ បានប្រាប់ប្រពន្ធថាចេញទៅនេសាទត្រីតែម្នាក់ឯងហើយបាត់ខ្លួនតាំងពីពេលនោះមកមិនឃើញត្រឡប់មកផ្ទះវិញទេ ហើយខាងក្រុមគ្រួសារ និងអ្នកជិតខាងបានចេញទូកទៅរកដែរ តែរកមិនឃើញ ។
ប្រភពបានបន្តថារហូតដល់ថ្ងៃកើតហេតុទើបត្រូវបានគេប្រទះឃើញ សពអណ្តែតទឹកទន្លេដោយមានខ្សែជ័រពណ៌ខ្មៅជាប់កជើងទាំង២ និងដោយមានប៊ិដុងជ័រចំណុះ៣០លីត្រដែលក្នុងបីដុងនោះច្រកខ្សាច់ពេញ។ ភ្លាមៗនោះប្រជាពលរដ្ឋបានប្រាប់ទៅអ្នកនេសាទដែលស្វែងរកសពបុរសខាងលើហើយក្រុមអ្នកស្វែងរកបាននាំគ្នាស្រង់សាកសពមកលើទូក យកមកដាក់លើគោក។
តាមប្រភពបានបន្តទៀតថា កន្លងមកបុរសរងគ្រោះខាងលើធ្លាប់បានធ្វើអត្តឃាតម្តងរួចមកហើយតែមិនបានសម្រេចនោះទេ ព្រោះមានអ្នកនៅលើទូកនេសាទជាមួយជួយសង្គ្រោះទាន់។ លុះរហូតដល់យប់កើតហេតុជនរងគ្រោះចេញទៅនេសាទតែម្នាក់ឯង ដោយប្រពន្ធហាមឃាត់មិនស្តាប់ឡើយ គឺទៅបាត់រហូតតែម្តង។
បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុបានទាក់ទងទៅខាងសមត្ថកិច្ចផ្នែកជំនាញកោសលវិច្ច័យរាជធានីចុះត្រួតពិនិត្យរួចហើយបានបញ្ជក់ថាជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយយកខ្សែជ័រចងកជើងទាំង២ និងចងភ្ជាប់ទៅប៊ិដុងដាក់ខ្សាច់៣០គីឡូក្រាម សម្លាប់ខ្លួនឯងពិតប្រាដកមែនរួច ហើយធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ