ព័ត៌មានទាន់ហេតុការណ៍៖

យកក្បាលគ្រាប់ទំហំ១២៥មីល្លីម៉ែត្រ ធ្វើកំណល់ដំដែកផ្ទុះកក្រើកភូមិស្លាប់ម្នាក់ របួសស្រាលក្មេងម្នាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ជាងដំដែកម្នាក់បានបាត់បង់ជីវិតក្នុងថ្លុកឈាម និងចៅប្រុសតូចរបស់​គាត់​ម្នាក់ទៀតរងរបួសស្រាល ខណៈផ្ទុះក្បាលគ្រាប់ ១២៥មីលី្លម៉ែត្រ ដែលនៅសល់ពីសម័យ​សង្គ្រាមបន្ទាប់ពីបុរសនេះយកក្បាលគ្រាប់នេះមកធ្វើជាកំណល់ដំដែកហើយផ្ទុះកក្រើកភូមិ។

ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ១១ កើត ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិ៦៧ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ។

មន្រ្តីនគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងជនរងគ្រោះ ឈ្មោះ ភាព ផល ភេទប្រុស អាយុ ៥៩ឆ្នាំ មុខរបរជាងដំដែក ធ្វើពន្លាកចៀរជ័រកៅស៊ូ រស់នៅភូមិឃុំកើតហេតុខាងលើ ។

តាមការបញ្ជាក់ពីសាក្សីនិយាយប្រាប់សមត្ថកិច្ចឲ្យដឹងថា ក្បាលគ្រាប់បែកប្រភេទ ១២៥មីលី្ល​ម៉ែត្រនេះ ត្រូវបានជនរងគ្រោះ យកមកធ្វើជាកំណល់ដំដែក តាំងពីយូរមកហើយ មិនដែល​មានបញ្ហាអ្វីនោះទេ លុះទើបមកដល់ថ្ងៃកើតហេតុ មិនដឹងរឿងហេតុអីជនរងគ្រោះផលិត​ស្លាបព្រាចៀរជ័រកៅស៊ូដំដែកលើក្បាលគ្រាប់នេះដូចធម្មតាក៏ផ្ទុះកក្រើកភូមិបណ្ដាលឲ្យជនរងគ្រោះត្រូវអំបែងគ្រាប់សុសសាច់និងធ្លាយពើវៀនស្លាប់នៅ នៅនឹងកន្លែង និងរងរបួសស្រាលដល់ចៅឈ្មោះ ឆន ឆេងហ័រ ភេទប្រុស អាយុ ៤ឆ្នាំ ត្រូវចំក្បាលផ្នែកខាងក្រោយកកម្រិតស្រាលដែលឈរលេងនៅក្នុងផ្ទះ។ ជា​មួយ​នេះដែររោងសិប្បកម្មផលិតដែកបាក់រលំ និងផ្ទះជនរងគ្រោះព្រមទាំងសម្ភារៈប្រើ​ប្រាស់ក្នុង​ផ្ទះនៅក្បែរនោះរងការបំផ្លាញដោយកម្លាំងគ្រាប់នេះផងដែរ ៕ វណ្ណៈ


ចែករំលែក៖