ភ្នំពេញ៖ ពិតជារន្ធត់ខ្លាំងណាស់ ខណៈឃើញបុរស២នាក់ កំពុងតែជិះម៉ូតូត្រូវរថយន្ដកុងតឺន័របើកកៀរទាក់ដៃចង្កូតចូលក្រោមរថយន្ដបណ្ដាលឲ្យកិនបែកក្បាលធ្លាយខួរស្លាប់ ម្នាក់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្បែរវត្តនិរោធ តាមបណ្ដោយផ្លូវលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ ភួង សៅ ភេទប្រុស អាយុ២៩ឆ្នាំ ទីកន្លែងស្រុកកំណើតនៅភូមិតាលក់ ឃុំតាលក់ ស្រុកស្អាង ខេត្ដកណ្ដាល ។
យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់ជិះ ម៉ូតូម៉ាកហុងដាសង់ ឌ្រីម ស៊េរី ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FF-3698 ដែលកំពុងតែជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម លុះមកដល់និងចំណុចកើតហេតុ ក៏មានរថយន្ដកុងតឺន័រមួយគ្រឿង ពណ៌ឈាមជ្រូក ដែលពាក់ស្លាកលេខ ព្រះសីហនុ 44-1726 ស្លាកលេខ ខាងមុខ 3D-4607 បានធ្វើដំណើរក្នុងទិសដៅស្របគ្នា ពេលមកដល់ចំណុចកើតហេតុ ក៏បានបើកកៀរ ទាក់ដៃចង្កូតម៉ូតូបណ្ដាលឲ្យធ្លាក់ចុះក្រោមរថយន្ដកិនបែកក្បាលធ្លាយខួរស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យ ចំណែកឯតៃកុងបង្កចុះពីរថយន្ដគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់ កន្លែងកើតហេតុ បានវាស់វែងម៉ូតូ និងរថយន្ដបង្កយកទៅរក្សាទុករង់ចាំបងប្អូនមកយកនៅពេលក្រោយ ។ ចំណែកឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើរបាយការណ៍ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯស្រុកកំណើត ៕ ភារ៉ា ដង្កោ