ព័ត៌មានទាន់ហេតុការណ៍៖

តុលាការបង្គាប់ឱ្យកងកម្លាំងសាធារណៈ ស្វែងរកចាប់ខ្លួនលោក សម រង្ស៊ី និង បក្ខពួក៧នាក់ ពាក់ព័ន្ធបទល្មើសក្បត់ជាតិ

ចែករំលែក៖

ភ្នំពេញ៖ លោក កូយ សៅ អនុប្រធាននិងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ដោយបញ្ជាដល់កងកម្លាំងសាធារណៈឱ្យស្រាវជ្រាវរកចាប់និងនាំខ្លួនលោក សម រង្ស៊ី និង បក្ខពួក៧នាក់ ជាអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធបទល្មើសក្បត់ជាតិ ។

នេះបេីយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ ដែល ទេីបទទួលបាននៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នេះ ។

លោក សម រង្ស៊ី និង បក្ខពួក៧នាក់ ផ្សេងទៀត ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ដោយចោទប្រកាន់ពីបទ”រួមគំនិតក្បត់និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍”ប្រព្រឹត្តនៅប្រទេសកម្ពុជានិងទីកន្លែងផ្សេងទៀត តាមមាត្រា៤៥៣ មាត្រា៤៩៤ មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ កាលពីអំឡុងខែមករា ឆ្នាំ២០១៩ ។

ចំណាត់ការរបស់តុលាការ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី និង បក្ខពួក បានញុះញង់ឱ្យប្រជាពលរដ្ឋ និង ទាហាន ងើបប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជា ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឱ្យដឹងថា សកម្មភាពរបស់ លោក សម រង្ស៉ី និង បក្ខពួក គឺជាអំពើក្បត់ជាតិ ដែលញុះញង់ដើម្បីបង្កភាពវឹកវរក្នុងសង្គម ៕ ចេស្តា

 


ចែករំលែក៖