ស្ថានភាពនៅតាមបណ្តោយព្រំដែនឥណ្ឌា ប៉ាគីស្ថាន ស្ថិតនៅតំបន់កាស្មៀរកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពេល ដែលប្រទេសទាំងពីរ ឈានដល់ការប្រើប្រាស់ មីស៊ីល ។ សហគមន៍អន្តរជាតិ បង្ហាញក្តីបារម្ភយ៉ាងខ្លាំងថា ក្រោយការប្រើប្រាស់មីស៊ីល អាចជំរុញប្រទេសទាំងពីរធ្លាក់ក្នុងសង្គ្រាមទ្រង់ទ្រាយធំ និងប្រើប្រាស់អាវុធទំនើបៗជាងនេះ ។ អ្វីដែលបារម្ភបំផុតនោះ គឺអាវុធបរមាណូ ដែលប្រទេសទាំងពីរមានប្រហាក់ប្រហែលគ្នា អាចបំផ្លាញប្រទេសទាំងពីរ ដូចគ្នា។
ការប្រឈមមុខរវាងឥណ្ឌា នឹងប៉ាគីស្ថាន នៅតាមបណ្តោយព្រំដែនអាចលើសពីសមត្ថភាពគ្រប់គ្រង ប្រសិនជាមិនមានការលូកដៃពីខាងក្រៅ ទប់ស្កាត់ស្ថានការណ៍ទេនោះ ។ ការប្រឈមមុខតានតឹង រវាងឥណ្ឌាប៉ាគីស្ថាន បានផ្ទុះឡើងតាំងពីចុងខែ កុម្ភៈ រហូតមកទល់ពេលនេះ ។ កាលពីថ្ងៃទី២៧ ខែកុម្ភៈឥណ្ឌា និងប៉ាគីស្ថានបានបញ្ជូនយន្តហោះចម្បាំងទៅប្រឈមមុខដាក់គ្នា នៅតំបន់កាស្មៀរ ។
ស្ថានភាពកាន់តែអាក្រក់ទៅ ក្រោយពេលយន្តហោះចម្បាំងរបស់ឥណ្ឌា បានបើកការវាយប្រហារទៅលើទីតាំងក្នុងប្រទេសប៉ាគីស្ថាន ដែលរដ្ឋាភិបាលឥណ្ឌាចាត់ទុកដាជាទីកន្លែងហ្វឹកហាត់ដល់ក្រុមភេរវកម្មដើម្បីវាយប្រហារទៅលើទីតាំងក្នុងប្រទេសឥណ្ឌា។ នេះការប្រឈមមុខតានតឹងបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៧១ មកទល់ពេលនេះ។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីរដ្ឋមន្ត្រីប៉ាគីស្ថានបានឲ្យដឹងថា ឥណ្ឌា បានបាញ់មីស៊ីល៦គ្រាប់ទៅលើទីតាំងនៅក្នុងទឹកដីប៉ាគីស្ថាន ។ ចំណែកប៉ាគីស្ថានវិញ ក៏បានតបតវិញ ដោយបាញ់មីស៊ីលច្រើនជាង ឥណ្ឌាដល់ទៅ៣ដង ជាការព្រមានដល់រដ្ឋាភិបាលទីក្រុងញូវដេលី។
រដ្ឋមន្ត្រីប៉ាគីស្ថានបានបញ្ជាក់ថា«យើងបាននិយាយហើយថា បើអ្នកបាញ់មីស៊ីលមកលើទឹកដីយើងមួយគ្រាប់ យើងនឹងបាញ់សងវិញ៣គ្រាប់ »។
ការប្រឈមមុខតានតឹង កំពុងតែជំរុញឲ្យប្រទេសទាំងពីរឈានទៅរកសង្គ្រាមជាទ្រង់ទ្រាយធំមិនធ្លាប់មាននៅក្នុងតំបន់កាស្មៀរ ដែលប្រទេសទាំងពីរបានប្រកាសថា ជាដែនអធិបតេយ្យរបស់ខ្លួន ជាចំណុចគ្រោះថ្នាក់បំផុត ដល់តំបន់និងពិភពលោកទាំងមូល។
នៅពេលនេះភាពតានតឹងមិនត្រឹមតែស្ថិតនៅលើការគំរាមកំហែងនោះឡើយគឺបានឈានដល់ ដំណាក់កាលប្រើអាវុធដាក់គ្នា ៕