ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូជែងបណ្ដាលឲ្យដួលត្រូវរថយន្តបើកមកពីមុខបុកស្លាប់និងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ យុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ ខណៈបើកម៉ូតូបន្ថែមល្បឿនជែងរថយន្តនៅខាងមុខ បណ្ដាលឲ្យដួលខ្ទាតចូលគន្លងផ្លូវរថយន្តម្ខាងទៀត ដែលបើកច្រាស់គ្នាឈប់មិនទាន់បានបុកម៉ូតូ ធ្វើឲ្យជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅបេលាម៉ោង១២និង១០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២១-២២ ស្ថិតក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ឃន ប៊ុនលី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ជាអ្នករួមដំណើរលើម៉ូតូម៉ាកSUZUKI NEX ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1T-2825 ដែលបើកបរដោយឈ្មោះ ចាន់ តុលា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (របួសធ្ងន់) ។ ចំណែកឯរថយន្តដែលបុកម៉ូតូជនរងគ្រោះម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-4984 បើកបរដោយជនពុំស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនពីកន្លែងកើតហេតុ) ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូខាងលើ បានធ្វើដំណើតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានបន្ថែមល្បឿន ជែងរថយន្តមួយគ្រឿងពុំស្គាល់ម៉ាកដែលបើកនៅខាងមុខ ខណៈនោះ ស្រាប់តែម៉ូតូជនរងគ្រោះដួល ធ្វើឲ្យជនរងគ្រោះខ្ទាតចូលទៅគន្លងផ្លូវម្ខាងទៀត ត្រូវរថយន្តម៉ាកHYUNDAIខាងលើ ឈប់មិនទាន់បានបុកជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះឈ្មោះ ឃន ប៊ុនលី ជាអ្នករួមដំណើរពីក្រោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯជនរងគ្រោះម្នាក់ទៀតជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបាននគរបាលជំនាញ ពិនិត្យ វាស់វែង រួចកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

តាមការឲ្យដឹងរបស់សមត្ថកិច្ចជំនាញបញ្ជាក់ថា ករណីនេះ បណ្តាលមកពីអ្នកបើកបរម៉ូតូ បើកជែងវ៉ាស្តាំ មិនប្រយ័ត្នក្នុងស្ថានភាពគ្រោះថ្នាក់ ទើបបានជាដួលខ្លួនឯង ត្រូវរថយន្តមកពីមុខបុកបែបនេះ ៕ ស្អាងជ័យ


ចែករំលែក៖