ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ យកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា រាជធានីចែកជូនប្រជាពលរដ្ឋ៥១គ្រូសារ ដែលរងគ្រោះដោយសារភ្លើងឆះផ្ទះ កាលរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ វាលាម៉ោង២ និង៣០នាទីកន្លងមកនេះ ដោយសារឆ្លងចរន្ដអគ្គិសនី ស្ថិតនៅ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ពិធីផ្ដល់អំណោយមនុស្សធម៌នេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃចន្ឌ១៣កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ អំណោយដែលនាំយកមកជូនប្រជាពលរដ្ឋនៅពេលនេះរួមមានអង្ករ ៣០គីឡូក្រាម ,មីមួយកេស,ត្រីខ១០កំប៉ុង,ទឹកត្រីមួយយួរ ,ទឹកសុទ្ធមួយកេស, ទឹកដោះគោប្រាំកំប៉ុង, ស្ករសមួយគីឡូក្រាម ,ទឹកក្រូចដប់កំប៉ុង ,តែប្រាំកញ្ចប់, តង់មួយ, ឆ្នាំងដាំបាយមួយ, ធុងទឹកមួយ និងថវិកា ៥មុឺនរៀល ក្នុង១គ្រួសារផងដែរ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន សម្តេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជនដែលងាយរងគ្រោះ និងជនរងគ្រោះដោយប្រការផ្សេងមិនមានការរើសអើងឡើយ ។ ជាក់ស្ដែងនៅពេលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈសាខាកាកបាទក្រហម រាជធានីភ្នំពេញបាននាំយកអំណោយមកចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យទាំង៥១គ្រួសារនាពេលនេះ ។
លោកបន្ដថា៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងបានណែនាំឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ចុះតាមដានមើល ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយមិនទុកឲ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់អាហារនោះទេ ។ ក្នុងឱកាសនោះដែរលោក ឃួង ស្រេង ក៏បានជម្រាបដល់ប្រជាពលរដ្ឋទាំងអស់ថា៖ បើសិនជាប្រជាពលរដ្ឋណាម្នាក់មានបញ្ហាខ្វះខាតក្នុងជីវភាពរស់នៅ បងប្អូនអាចទៅទំនាក់ទំនងនៅគណបក្សសង្កាត់ គណបក្សខណ្ឌក៏ដូចជា គណបក្សរាជធានីដើម្បីឲ្យមន្ត្រីរបស់យើង ជួយអន្តរាគមន៍ ។
ពាក់ព័ន្ធនឹងការឆាបឆេះដោយអគ្គិភ័យនាពេលនេះលោកឃួងស្រេងបានក៏បានសម្ដែងនូវការសោកស្ដាយចំពោះការបាត់បង់ផ្ទះសម្បែងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋទាំង៥១គ្រួសារ ។
លោកបញ្ជាក់ថា៖ កាលដែល អគ្គិភ័យឆាប់ឆេះរហូតដល់ ៥១គ្រួសារនេះគឺដោយសារតែផ្លូវមានលក្ខណៈចង្អៀតយើងមិនអាចចូលរថយន្តពន្លត់អគ្គិភ័យបានទាន់ពេលទើបបណ្ដាលឲ្យមានការរាលដាលឆេះរហូតដល់អស់រាប់សិបខ្នងបែបនេះ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកបានអំពាវនាវឲ្យប្រជាប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យដោយមុនចាក់ចេញដំណើរទៅណា ត្រូវពិនិត្យមើលភ្លើងអគ្គិសនីក៏ដូចជាភ្លើងទៀន ធូប ចង្ក្រានឲ្យបានរួចរាល់ ដោយសារថាគ្រោះអគ្គិភ័យនេះ វាធ្វើឲ្យគ្រួសារយើងវិនាសហិនហោចទាំងផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដូចពាក្យចាស់លោកគឺពោលថា ស៊ូលិចទូកកណ្ដាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ ដូច្នេះយើងត្រូវរួមគ្នាប្រុងប្រយ័ត្នទាំងអស់គ្នា ។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃម្សិលមិញម៉ោងប្រមាណជិត៣រសៀល អគ្គិភ័យបានឆាបឆេះផ្ទះអ្នកភូមិប្រមាណ ៥១គ្រួសារ ដែលមិនទាន់រកឃើញមកពីមូលហេតុឆាបឆេះនៅឡើយ ។ តែអ្នកខ្លះថា (ដោយសារទុះសេខ្សែភ្លើង)
សមត្ថកិច្ចបង្ក្រាបអគ្គិភ័យបានប្រើប្រាស់រថយន្តពន្លត់អស់១៨ រថយន្តផងដែរ ទើបអាចគ្រប់គ្រងស្ថានការបានទាំងស្រុង ៕ សំរិត