ព័ត៌មានទាន់ហេតុការណ៍៖

រោងចក្រអត់ធ្វើការ ចោរចូលផ្តាច់ប្រព័ន្ធកាមេរ៉ា លួចគាស់ទូដែកយកលុយអស់ជាង២០០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ រោងចក្រផលិតចំណីសត្វ ភី ដាប់បែលយូ អ (P W R) ដែលមានទីតាំងស្ថិតនៅតាមមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ខណៈដែលរោងចក្រសម្រាក ការងារថ្ងៃចុងសប្តាហ៍ បែរជាចោកចោរ ចូលទៅលួចផ្តាច់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ចូលទៅគាស់ទូដែលលួចលុយអស់ជាង២០០០ដុល្លារ បង្កឲ្យភ្ញាក់ផ្អើល គ្រាដែលកម្មករ ក្រុមហ៊ុនចូលធ្វើការថ្ងៃច័ន្ទវិញ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ ។

តាមបុគ្គលិកក្រុមហ៊ុន បានឲ្យដឹងថា រោងចក្រផលិតចំណីសត្វខាងលើ ឈប់សម្រាកចុងសប្តាហ៍ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ពុំមានកម្មករ ឬបុគ្គលិកណាធ្វើការឡើយ បិទទ្វារចាក់សោចោល មានតែសន្តិសុខយាម ប្រចាំ២៤ម៉ោង លើ២៤ម៉ោង ស្រាប់តែនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែមីនា នេះ ក្រុមហ៊ុនតម្រូវចូលបម្រើការងារវិញ នាំគ្នាចូលមក ស្រាប់តែ បន្ទប់រដ្ឋបាលជាន់ទី១ មានសភាពខុសប្រក្រតី ទូដែកត្រូវបានជនសង្ស័យ គាស់បំបែក យកលុយក្នុងនោះជាង២ពាន់ដុល្លារ ហើយជនសង្ស័យបំផ្លាញភស្តុតាង ដោយលួចផ្តាច់យកក្បាល DVR ទិន្នន័យ របស់កាមេរ៉ាសុវត្ថិភាពទៅបាត់ ។

ក្រោយពីភ្ញាក់ផ្អើល ចោរកម្ម លួចលុយក្នុងរោងចក្រផលិតចំណីសត្វរួចមក សមត្ថកិច្ចទាំងមូលដ្ឋាន សមត្ថកិច្ចជំនាញខណ្ឌ កោសល្យវិច័យក្រុង ចុះទៅពិនិត្យ សាកសួរ និងស្រាវជ្រាវ ជុំវិញបទល្មើសខាងលើ ៕ សុខាសែនជ័យ


ចែករំលែក៖