ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញចងកធ្វើអត្តឃាតនៅសំយ៉ាបផ្ទះ នគរបាលអះអាងបណ្ដាលមកពីផឹកស្រាច្រើន ។
ហេតុការណ៍ករណីធ្វើអត្តឃាតខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦ និង១០នាទី ព្រឹកថ្ងៃអាទិត្យ ១២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះស្រ្តីរងគ្រោះ ស្ថិតក្នុងភូមិអូរស្ដៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ប្រភពពីនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយអាត់បានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ ឈួន សាមឿន អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់កើតហេតុខាងលើ ជាស្រ្តីមេម៉ាយ មានកូន ប៉ុន្តែទៅធ្វើការស្រុកឆ្ងាយ (រស់នៅម្នាក់ឯង) ។
ប្រភពពីនគរបាលខាងលើបន្តថា ស្រ្តីរងគ្រោះគាត់ដូចជាមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ព្រោះបន្លងមក គាត់ផឹកស្រាជាប្រចាំភ្លេចបាយភ្លេចទឹក លុះនៅវេលាខាងលើប្អូនប្រុសផ្ទះនៅក្បែរគ្នា រៀបចំទៅធ្វើការ ក៏ដើរមកអើតមើលផ្ទះបងស្រីឃើញចងកស្លាប់បាត់ទៅហើយ ទើបផ្អើលឆោឡោឡើងតែម្ដង ដោយយកខ្សែអង្រឹងចងព្យួរសំយ៉ាបផ្ទះក្បែរគ្រែដេក ។
ប្រភពដដែលបន្តទៀតថា ករណីនេះមន្រ្តីជំនាញអាជ្ញាធរមូលដ្ឋាន សហការចុះពិនិត្យ និងស្រាវជ្រាវ ធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន