ព័ត៌មានទាន់ហេតុការណ៍៖

ស្ងាត់ៗ មានចោរលួចដឹកឈើ ចេញពីរដ្ឋបាលព្រៃឈើ ក្នុងឃុំទាំង៣ គ្រប់គ្រងដោយលោកអឿ គឹមហេង ជានាយសង្កាត់ អស់៣រថយន្តសាំយ៉ុង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ដោយសារបែកធ្លាយ ករណីចោរលួចដឹកឈើ ចេញពីសង្កាត់រដ្ឋបាលព្រៃឈើក្នុងឃុំទាំង៣ គ្រប់គ្រងដោយលោកអឿ គឹមហេង ជាអ្នកគ្រប់គ្រង មានលោកវ៉ា សុខ នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់នៅពីក្រោយ អស់ចំនួន៣ រថយន្តសាំយ៉ុង កាលពីថ្ងៃទី១៦ ទី១៧ ទី១៨ ខែមីនា ឆ្នាំ២០១៩ ទើបបែកធ្លាយដល់លោកអភិបាលនៃគណៈបញ្ជាការឯកភាពខេត្ត ម៉ុម សារឿន នៅថ្ងៃទី១៩ មីនា ឆ្នាំ២០១៩ បានបទបញ្ជា បញ្ជាឲ្យកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចុះទៅត្រួតពិនិត្យ ដល់សង្កាត់រដ្ឋបាលព្រៃឈើ ដែលស្ថិតនៅតាមបណ្តោយដងផ្លូវជាតិលេខ៩ ស្ថិតក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ក្នុងកិច្ចសហប្រតិបត្តិការបេសកម្មពិសេសដឹកនាំដោយ លោកវរសេនីយ៍ឯកវ៉ា សុផាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត ទទួលបទបញ្ជាចេញ ពីលោកអភិបាលខេត្តផ្ទាល់នោះ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថាៈ មានករណីដឹកឈើចេញពីសង្កាត់រដ្ឋបាលព្រៃឈើ ព្រះរំកិល អន្លុងជ្រៃ និងឃុំសំអាងនេះ ក្នុងរយះពេល៣ថ្ងៃ កន្លងមក មិនដឹងថា ដឹកចេញទៅធ្វើអ្វីនោះទេ ទើបបានលោកអភិបាលខេត្តបញ្ជាឲ្យលោកដឹកនាំ កម្លាំងនគរបាលចុះមកត្រួតពិនិត្យ ឃើញថា មានករណីដឹកឈើចេញពីសង្កាត់រដ្ឋបាលព្រៃឈើខាងលើ ដោយគ្មានការអនុញ្ញាតយ៉ាងពិតប្រាកដមែន តាមរថយន្តសាំយ៉ុង ដឹកជញ្ជូនដោយ ឈ្មោះ យ៉េន រស់នៅភូមិវាលដេញ ហើយសមត្ថកិច្ច បានកំពុងតែធ្វើកំណត់ហេតុ និងរបាយការណ៍ជូនថ្នាក់លើ និងគណៈបញ្ជាការឯកភាពខេត្ត ជុំវិញករណីនេះ ដើម្បីឲ្យលោកបានជ្រាបព័ត៌មាននេះ ដើម្បីចាត់ការបន្តទៅតាមច្បាប់។

ជុំវិញរឿងនេះ លោកវ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើ ថាឡាបរិវ៉ាត់ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ឈើទាំងនេះគឺដឹកទៅដាក់នៅមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ដើម្បីធ្វើជាគ្រឿងបំពាក់ ប្រើប្រាស់ក្នុងមន្ទីរ ។

ដោយឡែក លោកអឿ គឹមហេង នាយសង្កាត់រដ្ឋបាលព្រៃឈើ ព្រះរំកិល សំអាង និងអន្លុងជ្រៃ ក៏បានឲ្យដឹងដែរថា ឈើទាំងនេះ គឺប្រធានមន្ទីរ កសិកម្ម បានដើរសុំពីប្រជាជន យកមកទុកនៅសង្កាត់រដ្ឋបាលព្រៃឈើនេះ ហើយខ្ញុំ គ្រាន់តែជាអ្នកមើលថែ និងដឹកជញ្ជូនតែប៉ុណ្ណោះ រឿងអ្វីផ្សេងទៀត ខ្ញុំអត់ដឹងទេ។

ចំណែកឈ្មោះ យ៉េន ជាម្ចាស់រថយន្តសាំយ៉ុងដឹកឈើនោះ បានបញ្ជាក់ប្រាប់ថា ខ្លួនបានតែដឹកឈើ តាមបទបញ្ជារបស់រដ្ឋបាលព្រៃឈើតែប៉ុណ្ណោះ ដឹកចេញពីសង្កាត់រដ្ឋបាលព្រៃឈើ ឃុំសំអាង ឃុំព្រះរំកិល និងឃុំអន្លុងជ្រៃ ដែលស្ថិតនៅ ជាប់តាមដងផ្លូវជាតិ លេខ៩ ដែលមានស្នាក់ការនៅ ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានចំនួន៣រថយន្តសាំយ៉ុង មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃ ទី ១៦.១៧.១៨ ខែមីនា ឆ្នាំ២០១៩ ហើយឈើទាំងអស់នេះ គឺបានដឹកយក មកទុកនៅ ឃ្លាំងសិប្បកម្ម របស់វៀតណាម ស្ថិតនៅខាងក្រោយ ព្រះរាជដំណាក់ចាស់ ក្នុងខេត្តស្ទឹងត្រែង ដោយមិនបានដឹកទៅទុក នៅមន្ទីរកសិកម្មនោះទេ។

គួររំលឹកថាៈ ក្នុងករណីនេះ គេសន្និដ្ឋានថា ពិតជា ស្វាលួចស៊ីបាយលាប មាត់ពពែ ពិតណាស់ ដោយមានការលួចដឹកយកមកលក់ឲ្យសិប្បកម្មនោះ យ៉ាងជាក់ស្ដែងដោយសារតែ ការដឹកឈើទាំងនេះ គឺអត់បាន ធ្វើកំណត់ហេតុ កំណត់បរិមាណឈើឲ្យបានច្បាស់លាស់ និងមិនបានរាយការណ៍ដល់ថ្នាក់ដឹកនាំ ហើយមធ្យោបាយ ដឹកឈើ និងម្ចាស់អ្នកទិញឈើនោះ ទៀតសោតគឺជាមុខសញ្ញា រកស៊ីដឹកឈើជាប្រចាំ។

ប្រជាពលរដ្ឋដាក់ការសង្ស័យប្រាកដថាៈ មានតែលោកអឿ គឹម ហេង នាយសង្កាត់ រដ្ឋបាលព្រៃឈើ ឃុំព្រះរំកិល ឃុំអន្លុងជ្រៃ និងឃុំសំអាង ជាមួយលោកវ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់ គឺមានការឃុបឃិត ជាមួយជនល្មើសយ៉ាងពិតប្រាកដ ព្រោះឈើនៅក្នុងស្នាក់ការរបស់ខ្លួនផ្ទាល់ ដែលខ្លួននៅគ្រប់គ្រងរាល់ថ្ងៃរឿងអីថា មិនដឹង ដល់បែករឿង ទើបឆ្លើយដាក់គ្នា ដោះសាររៀងៗខ្លួន វាមិនខុសអីយកសាច់ទៅផ្ញើចំមាត់ខ្លា ស្វាស៊ីបាយលាបមាត់ពពែ ហើយយកអំបិលទៅផ្ញើនឹងទឹកនោះទេ ។

នគរបាល ខំចាប់បង្ក្រាបប្រគល់ឲ្យមេព្រៃ រក្សាទុក ចុងក្រោយបាត់ឈើឆ្លើយដាក់គ្នា ព្រោះតែក្រពះធំ ឆីមិនចេះឆ្អែត តើលោកអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកលៀង សេង ប្រធានមន្ទីរកសិកម្មខេត្ត គួរគិត និងចាត់ការយ៉ាងណា ចំពោះមន្ត្រី គ្មានសមត្ថភាព និងអសកម្មបែបនេះ ហើយថ្មីៗនេះ ៕ មាស សុផាត


ចែករំលែក៖