ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលពីរខេត្ត សហការគ្នាចុះចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានប្លន់យកម៉ូតូនៅទឹកដីវៀតណាម

ចែករំលែក៖

 

ខេត្តត្បូងឃ្មុំ ៖ បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីប្លន់យកម៉ូតូពីទឹកដីវៀតណាម នគរបាល ខេត្តត្បូងឃ្មុំ ធ្វើកិច្ចសហការជាមួយនគរបាល ខេត្តក្រចេះ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យទាំងបី នាក់ នៅវេលាម៉ោង៦និង៤០នាទី ល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ដែលបានរត់គេចទៅសង្ងំ លាក់ខ្លួននៅផ្ទះសាច់ញាតិបងប្អូន ស្ថិតនៅភូមិអញ្ជាញ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។

មន្ត្រីនគរបាលឲ្យដឹងថា កិច្ចសហប្រតិបត្តិការ តាមចាប់ខ្លួនជនសង្ស័យទាំង៣នាក់នេះធ្វើឡើង ដោយមានការសម្របសម្រួលរវាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ។

មន្ត្រីនគរបាលឲ្យដឹងទៀតថា នៅមុនការ ចាប់ខ្លួនជននេះ នគរបាលប៉ុស្តិ៍រដ្ឋបាលរូង បានទទួលព័ត៌មានពីនគរបាលវៀតណាមថាមាន ជនសង្ស័យ០៣នាក់ ជាជនជាតិខ្មែរប្លន់យកម៉ូតូពីប្រជាពលរដ្ឋវៀតណាម នៅក្នុងភូមិតឹងគឿង ឃុំតឹងហា ស្រុកតឹង ខេត្តតៃនិញ ប្រទេសវៀតណាម រួចរត់គេចខ្លួនមកចូលក្នុងប្រទេសកម្ពុជាតាមច្រករបៀងបេង ស្ថិតក្នុងភូមិបេង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃ១៧ ខែមីនា ២០១៩ វេលាម៉ោង១៤និង២៧នាទី ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម នគរបាលប៉ុស្តិ៍រដ្ឋបាលរូង បានសហការជាមួយនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ រួមនឹងកម្លាំងព្រហ្មទ័ណ្ឌខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប្រាក ប៊ុនណុន ស្នងការរងទទួលផែនការងារព្រហ្មទ័ណ្ឌ ចុះធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាសង្ស័យទាំងបីនាក់ ខាងលើនេះ ។

សមត្ថកិច្ចខេត្តត្បូងឃ្មុំអះអាងថា ដោយសារជនសង្ស័យទាំង៣នាក់គេចទៅសម្ងំលាក់ខ្លួននៅខេត្តក្រចេះ កម្លាំងបានសុំយោបល់ថ្នាក់លើតាមបែបបទ ទើបទទួលបានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ បានឲ្យកម្លាំងនគរបាលយុត្តិធម៌ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើការសហការជាមួយនគរ បាលយុត្តិធម៌ស្រុកស្នួល ខេត្តក្រចេះ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យទាំងបី នៅម៉ោង ០៦និង ៤០នាទី រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ និងកសាងសំណុំរឿងប្រគល់ទៅឲ្យតុលាការខេត្តត្បូងឃ្មុំ ។

មន្ត្រីនគរបាលឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលត្រូវបានចាប់ខ្លួន ១.ឈ្មោះ ឈឿន ឆេង ភេទប្រុស អាយុ ៣៧ ឆ្នាំ ជាតិខ្មែរ , ២.ឈ្មោះ ខ្មៅ គា ហៅក្លូ ភេទ ប្រុស អាយុ ២២ ឆ្នាំ , ៣.ឈ្មោះ គាន ស្លឹប ហៅស្លឹក ភេទប្រុស អាយុ ២២ ឆ្នាំ ជាតិខ្មែរ ។ អ្នកទាំង៣នាក់រស់នៅ មានលំនៅឋានក្នុងភូមិសូទី ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការបង្ក្រាបលើករណីនេះ គឺកម្លាំងយើងបានធ្វើការស្រាវជ្រាវ តាំងពីថ្ងៃកើតហេតុ រហូតដល់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៣:៣០ នាទី ។

បច្ចុប្បន្នជនសង្ស័យទាំងបី ត្រូវបានតុលារខេត្តត្បូងឃ្មុំ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន នៅពន្ធនាគារខេត្តត្បូងឃ្មុំ ដោយចៅក្រមស៊ើបសួរ ហៃ ណៃ ហេង នៃសាលាដំបូងខេត្តត្បូងឃ្មុំ ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទលួច ដែលបានប្រព្រឹត្តនៅចំណុចព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុភូមិតឹងគឿង ឃុំតឹងហា ស្រុកតឹងចូវ ខេត្តតៃនិញ ប្រទេសវៀតណាម ៕ វណ្ណៈ

 


ចែករំលែក៖