ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់ ៣នាក់ករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកភ្នំក្រវាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមនុស្សប្រុសស្រីចំនួន ៣នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកជិះម៉ូតូ និងម៉ូតូ នៅលើកំណាត់ផ្លូវថ្នល់កៅស៊ូលេខ១៥៥ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សរងរបួសខាងលើ បានកើតឡើងនៅវេលាម៉ោង៤ និង៥២នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១រោច ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់កៅស៊ូលេខ១៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៦ លេខ៣៧ ស្ថិតក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា មុនដំបូងគេឃើញបុរសម្នាក់ឈ្មោះ ព្រា វណ្ណា ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្ន មានទីលំនៅភូមិគល់ទទឹង ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ(ធ្ងន់) ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ទឹកសមុទ្រ គ្មានស្លាកលេខ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត(ឆ្លងថ្នល់) គ្រានោះស្រាប់តែមានអ្នកជិះម៉ូតូឌុបគ្នាម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G 8926 ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង បានបុកពេញទំហឹងបណ្ដាលឲ្យរងរបួសរដូករណែលតែម្ដង ។

ក្នុងរបាយការណ៍ខាងលើបន្តទៀតថា ភាគីអ្នកជិះម៉ូតូឌុបគ្នាបើកបរដោយឈ្មោះ ភី មករា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស បច្ចុប្បន្ន រស់នៅភូមិកណ្ដាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ រងរបួសបាក់ដៃខាងឆ្វេង(ធ្ងន់) និងអ្នករួមដំណើរឈ្មោះ ស៊ុំ រតនា ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា រងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ ។

របាយការណ៍ដដែលបន្តទៀតថា ភ្លាមៗនោះជនរងរបួសសមត្ថកិច្ចជួយសម្រួលបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ចំណែកវត្ថុតាងម៉ូតូទាំង ២គ្រឿងបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ករណីនេះបណ្ដាលឲ្យរងរបួសមនុស្សចំនួន ៣នាក់ ខូចខាតម៉ូតូចំនួន ២គ្រឿង មូលហេតុ៖ មិនគោរពសិទ្ធអថិភាព៕ បុឹម ពិន


ចែករំលែក៖