ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់ដោយសារជំងឺក្រពះ ពោះវៀន រ៉ាំរ៉ៃ នៅស្រុកកំពង់ស្វាយ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់បានបាត់បង់ជីវិត ដោយសារកើតជំងឺ ក្រពះ ពោះវៀន រ៉ាំរ៉ៃហើយអស់កម្លាំងបណ្ដាលឲ្យ ខ្យល់គរ គាំងបេះដូងស្លាប់ ។

ហេតុការណ៍នេះ បានដឹងនៅថ្ងៃព្រហស្បតិ៍ ០១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៧.៣៥នាទីព្រឹក ស្ថិតនៅភូមិក្រសាំង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

បើតាមសមត្ថកិច្ចឲ្យដឹងថាសាកសពមានឈ្មោះ មូល ម៉ៃ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិ ឃុំ កើតហេតុខាងលើ ។

បើតាមការបំភ្លឺពីឈ្មោះឯក ម៉ៃ អាយុ ៣៧ឆ្នាំ ត្រូវជាប្រពន្ធរបស់សាកសពបានបញ្ជាក់ថា៖ ប្តីរបស់ខ្លួនមានជំងឺក្រពះ ពោះវៀន ប្រចាំកាយច្រើនខែមកហើយ តែងតែដាក់សឺរ៉ូម មួយខែម្តងជាប្រចាំ ។ ជាក់ស្ដែងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣០នាទី ប្តីរបស់ខ្លួនត្រឡប់មកពីលេងភ្លេងការវិញ បានដឹងថា៖ គាត់ដូចជាមិនសូវស្រួលខ្លួន ក៏បានហៅពេទ្យ មកដាក់សឺរ៉ូមរួចដេកលក់ទៅ ។

លុះព្រឹកឡើងវេលាម៉ោងជាង០៦:០០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ខ្លួនបានឲ្យប្តីពរកូនតូចដើរលេងក្នុងបរិវេណផ្ទះ បានមួយសន្ទុះ នៅវេលាម៉ោងប្រហែល ០៦:៣០នាទី ស្រាប់តែប្តីរបស់ខ្លួនប្រាប់ថា៖ ឯងជួយគ្នាផង គ្នាមិនស្រួលទេ ហើយក៏ដួលទៅលើប្រពន្ធដែលកំពុងអង្គុយនៅលើគ្រែក្រោមផ្ទះ សន្លប់មិនដឹងខ្លួន ហើយក៏ដាច់ខ្យល់ស្លាប់ក្នុងពេលនោះទៅ ។

សមត្ថកិច្ចទទួលបានព័ត៌មានបាននាំកម្លាំងជំនាញពិនិត្យហេតុស្រុក សហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ បុគ្គលិកពេទ្យ (មណ្ឌលសុខភាពគោកងួន) ចូលរួមពិនិត្យសាកសព ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធបទល្មើសផ្សេងឡើយ ។

សមត្ថកិច្ចបានសន្និដ្ឋានថា ការស្លាប់នេះ បណ្តាលមកពី សពមានជំងឺរ៉ាំរ៉ៃ (ក្រពះ.ពោះវៀន) អស់កម្លាំង បណ្តាលឲ្យកើតរោគខ្យល់គរ គាំងបេះដូងស្លាប់ ។ ក្រោយពីពិនិត្យចប់បានប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ៕ប៊ុនរិទ្ធី


ចែករំលែក៖