ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តស្វាយរៀង ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញខេត្តបញ្ជូនមកសាលាដំបូងខេត្តស្វាយរៀង ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់ថ្នាំញៀន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ។

ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា កាលពីថ្ងៃទី ២១ ខែមីនា​ ឆ្នាំ២០១៩ ម៉ោង១២ និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានទទួល​ ព័ត៌មានពីភ្នាក់ងារផ្តល់ព័ត៌មានថា​ នៅចំណុចភូមិព្រៃផ្តៅ​ សង្កាត់ច្រកម្ទេស ក្រុងបាវិត មានមុខ​សញ្ញាជួញដូរគ្រឿងញៀន ទើប កម្លាំងអធិការដ្ឋាននគរបាលក្រុង​ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រកម្ទេស បានចុះទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ១ នាក់​ មានឈ្មោះ ឡាញ់ ឡាន់ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្នាធ្នង់ ស្រុករំដួល​ ដកហូតវត្ថុតាងរួមមានម្ស៉ៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់ ។

ប្រភពបន្តថា លុះដល់ម៉ោង១រសៀលថ្ងៃដដែល កម្លាំងការិយាល័យគ្រឿងញៀនខេត្តសហការជាមួយ កម្លាំងអធិការដ្ឋាននគរ​បាលក្រុងបាវិត​ កម្លាំងប៉ុស្តិ៍រដ្ឋបាលច្រកម្ទេស ដោយមានការសហការល្អពីម្ចាស់ជួលឈ្មោះ​ ព្រាប សីហា ភេទប្រុស​អាយុ ៣៧ ឆ្នាំ សមត្ថកិច្ចយើងបន្តឃាត់ខ្លួនជនសង្ស័យ​ ម្នាក់មានឈ្មោះ ហៀក ពេជ ភេទប្រុស ៣២ ឆ្នាំ មុខរបរបើកបររថយន្ត ស្រុកកំណើត​ភូមិ​លេខ៩ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ស្នាក់នៅបន្ទប់ជួលលេខ៣​ ឆែកឆេររកឃើញថ្នាំញៀនចំនួន ៦ កញ្ចប់ (ធំ ១ កញ្ចប់) និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។

បន្ទាប់មក សមត្ថកិច្ចនគរបាល ក៏បន្តស្រាវជ្រាវឃាត់ជនសង្ស័យបានចំនួន១ នាក់ទៀត​ ដែលស្នាក់នៅបន្ទប់លេខ៥ ដែលមានឈ្មោះ ខាន់ ស៊ីនាថ ភេទ ប្រុស អាយុ​ ៣៤ ឆ្នាំ មុខរបរបើកបររថយន្ត ស្រុកកំណើតនៅភូមិគ្រោះ​ ឃុំព្រៃឃ្នាស់ ស្រុកមេសាង ខេត្តព្រៃវែង និងឆែកបន្ទប់ជួលបន្ទប់លេខ៥ និងឆែកឆេររកឃើញថ្នាំញៀនចំនួន ៩ កញ្ចប់(ធំ ៨ កញ្ចប់ ) នឹងម្ភារវេចខ្ចប់មួយចំនួនទៀត ។ ​

ប្រភពបន្តថា ចំពោះសម្ភារះដែលបានដកហូតសរុបរួមមាន៖ ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន១៦ កញ្ចប់ (ធំ៨ កញ្ចប់) ទូរស័ព្ទដៃ ០៣ គ្រឿង និង សម្ភារវេចខ្ចប់សម្ភារប្រើប្រាស់មួយចំនួនផងដែរ ៕ យឹម សុថាន


ចែករំលែក៖