ខេត្តស្វាយរៀង៖ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញខេត្តបញ្ជូនមកសាលាដំបូងខេត្តស្វាយរៀង ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់ថ្នាំញៀន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ។
ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៩ ម៉ោង១២ និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានទទួល ព័ត៌មានពីភ្នាក់ងារផ្តល់ព័ត៌មានថា នៅចំណុចភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត មានមុខសញ្ញាជួញដូរគ្រឿងញៀន ទើប កម្លាំងអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រកម្ទេស បានចុះទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ១ នាក់ មានឈ្មោះ ឡាញ់ ឡាន់ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្នាធ្នង់ ស្រុករំដួល ដកហូតវត្ថុតាងរួមមានម្ស៉ៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់ ។
ប្រភពបន្តថា លុះដល់ម៉ោង១រសៀលថ្ងៃដដែល កម្លាំងការិយាល័យគ្រឿងញៀនខេត្តសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងប៉ុស្តិ៍រដ្ឋបាលច្រកម្ទេស ដោយមានការសហការល្អពីម្ចាស់ជួលឈ្មោះ ព្រាប សីហា ភេទប្រុសអាយុ ៣៧ ឆ្នាំ សមត្ថកិច្ចយើងបន្តឃាត់ខ្លួនជនសង្ស័យ ម្នាក់មានឈ្មោះ ហៀក ពេជ ភេទប្រុស ៣២ ឆ្នាំ មុខរបរបើកបររថយន្ត ស្រុកកំណើតភូមិលេខ៩ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ស្នាក់នៅបន្ទប់ជួលលេខ៣ ឆែកឆេររកឃើញថ្នាំញៀនចំនួន ៦ កញ្ចប់ (ធំ ១ កញ្ចប់) និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។
បន្ទាប់មក សមត្ថកិច្ចនគរបាល ក៏បន្តស្រាវជ្រាវឃាត់ជនសង្ស័យបានចំនួន១ នាក់ទៀត ដែលស្នាក់នៅបន្ទប់លេខ៥ ដែលមានឈ្មោះ ខាន់ ស៊ីនាថ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរបើកបររថយន្ត ស្រុកកំណើតនៅភូមិគ្រោះ ឃុំព្រៃឃ្នាស់ ស្រុកមេសាង ខេត្តព្រៃវែង និងឆែកបន្ទប់ជួលបន្ទប់លេខ៥ និងឆែកឆេររកឃើញថ្នាំញៀនចំនួន ៩ កញ្ចប់(ធំ ៨ កញ្ចប់ ) នឹងម្ភារវេចខ្ចប់មួយចំនួនទៀត ។
ប្រភពបន្តថា ចំពោះសម្ភារះដែលបានដកហូតសរុបរួមមាន៖ ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន១៦ កញ្ចប់ (ធំ៨ កញ្ចប់) ទូរស័ព្ទដៃ ០៣ គ្រឿង និង សម្ភារវេចខ្ចប់សម្ភារប្រើប្រាស់មួយចំនួនផងដែរ ៕ យឹម សុថាន