គណបក្ស ភឿថៃ មានសម្ព័ន្ធភាពជាមួយលោក ថាក់ស៊ីន ត្រូវបានគេប្រមើលមើលថា ជាគណបក្សទទួលបានសំឡេងគាំទ្រច្រើនជាងគេ នៅក្នុងការបោះឆ្នោត ចាប់តាំងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥រសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ ។ លទ្ធផលផ្លូវការ អាចនឹងប្រកាសនៅប៉ុន្មានម៉ោងខាងមុខទៀតនេះ ។
សូមបញ្ជាក់ថា នេះជាការបោះឆ្នោតលើកដំបូងបំផុតនៅក្នុងប្រទេសថៃ បន្ទាប់ពីរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលលោកស្រីយីងឡាក់ ក្នុងឆ្នាំ២០១៤ ។
ពលរដ្ឋថៃប្រមាណ៥១លាននាក់បានចេញបោះឆ្នោតសាកលនេះ ។ កៅអីសភាប្រទេសថៃមានសរុប៥០០កៅអី ក្នុងនោះ គណបក្សភឿថៃ ត្រូវគេប៉ាន់ប្រមាណថា ឈ្នះបាន១៧៣ ច្រើនជាងគណបក្សដទៃទៀតនៅក្នុងសភា ។ គណបក្ស Palang Pracharat ដែលគាំទ្រដោយពួកយោធានៃលោកប្រយុទ្ធ ចាន់អូចា នោះ បានអាសនៈតែ៩៦ប៉ុណ្ណោះ ។ គណបក្សតូចៗផ្សេងទៀត ក៏ទទួលបានសំឡេងប្រហាក់ប្រហែលគ្នា ៕