ព័ត៌មានទាន់ហេតុការណ៍៖

លួចរថយន្តបានមួយថ្ងៃ យកទៅទុកនៅម្តុំផ្សារសាំផាន់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួច រថយន្តឡិចសុីស470 មួយគ្រឿង យកទៅប្លុងចោលនៅម្តុំផ្សារសាំផាន់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ទាំងរថយន្ត និងជនសង្ស័យ យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលំនៅចំណុច មុខផ្សារសាំផាន់ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានទុករថយន្តរបស់គាត់ មួយគ្រឿងម៉ាកឡិចសុីស 470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AM-4876 នៅក្នុងវិមានភ្នំពេញ សង្កាត់ច្រាំងចំរះ២ ខណ្ឌឫស្សីកែវ ហើយក៏ស្រាប់តែមានជន សង្ស័យម្នាក់បានធ្វើសកម្មភាព លួចយករថយន្តឡិចសុីស​470 នោះយកទៅបាត់អស់មួយយប់ ទើបគាត់បានទៅដាក់ពាក្យ បណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឲ្យស្រាវជ្រាវរក លុះដល់ម៉ោងកើតហេតុខាងលើនេះ ក៏ស្រាប់តែសម្ថកិច្ចរកឃើញ រថយន្តជនរងគ្រោះប្លុងចោលនៅម្តុំផ្សារសាំផាន់ និងឃាត់ខ្លួនបានជនសង្ស័យ ម្នាក់យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ។

បើតាមការរៀបរាប់ប្រាប់របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ និងជនសង្ស័យខាងលើនេះ ត្រូវជាឪពុកមា និងក្មួយ ហើយជនសង្ស័យតែងតែប្រើប្រាស់រថយន្តនេះ ជាញឹកញាប់ផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនិតិវិធី ច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖