ភ្នំពេញ៖ បុរសម្នាក់ បែកក្បាលធ្លាយខួរ ស្លាប់យ៉ាងអាណោចអាធ័ម ខណៈកំពុងតែជិះម៉ូតូមួយគ្រឿង លើដងផ្លូវត្រូវកុងតឺន័របើកមកពីក្រោយ បុកបណ្តាលឲ្យដួល រួចកិនពីលើហើយបើករត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះ(ស្លាប់ )មានឈ្មោះហ៊ាប ហ៊ុយ ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើត ភូមិដំណាក់ព្រីងខាងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
តាមប្រភពពីប្រជាពលរដ្ឋបានឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សង់ស៊េរី ២០១៨ ពណ៌ខ្មៅ ពាក់ស្កាលេខ បាត់ដំបង 1AC-5665 ធ្វើដំណើរទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តកុងតឺន័រមួយគ្រឿង មិនចាំស្លាកលេខ បើកមកពីក្រោយស្តបទិសដៅគ្នាបានជ្រុលចង្កូតទៅបុកម៉ូតូពីក្រោយបណ្តាលឲ្យដួល រួចខ្ទាតជនរងគ្រោះចូលកង់រថយន្តកិនបែកក្បាលធ្លាយខួរស្លាប់មួយរំពេចយ៉ាងអាណោចអាធ័ម ។ រីឯរថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្នរងចាស់សាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ទុកប្រគល់ជូនវិញ ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ