ភ្នំពេញ៖ បុរសម្នាក់បើករថយន្តដឹកព្រះសង្ឃមួយគ្រឿង អត់មានស្លាកលេខ បើកបរមិនបានប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង រួចជ្រុលបន្តទៅបុករថយន្ត២គ្រឿងថែមទៀត កាលពីវេលាម៉ោង៦និង១៥នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវ៨២នៅចំណុចម្តុំផែថ្ម ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ខៀវ អត់មានស្លាកលេខ ដឹកព្រះសង្ឃ បើកបរតាមបណ្តោយផ្លូវ៨២ ក្នុងទិសដៅពីលិចទៅកើត ខណៈបើកមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្តមិនបានបន្ថយល្បឿន បើកមកដល់ផ្លូវកែង ក៏ជ្រុលបុកម៉ូតូហុងដា ឃ្លីកបណ្តាលឲ្យដួល រងរបួសស្រាល ដោយមើលថា គ្មានខូចខាត ទើបជិះទៅបាត់ ចំណែកឯរថយន្តបង្កវិញ បើកជ្រុលទៅបុកចំរថយន្ត២គ្រឿងទៀត មួយគ្រឿងម៉ាកឡិចសុីសRX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-8785 និងមួយគ្រឿងទៀត ម៉ាកតូយ៉ូតា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J-6669 បើកបរតាមបណ្តោយផ្លូវព្រះសុីសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើងចំពីមុខពេញទំហឹង ដូចគ្នាបណ្តាលឲ្យរងការខូចខាតខ្ទេចមួយកំណាត់ខាងមុខ និងរថយន្តឡិចសុីសRX300 កំពិតគូទក្រោយផ្នែកខាងឆ្វេង រឺឯរថយន្តតូយ៉ូតាវិញ ខ្ទេចអស់មួយកំណាត់ខាងមុខ ភ្លាមៗនោះដែរ រថយន្តបង្ក និងរថយន្តរងគ្រោះចរចាគ្នាជាង១ម៉ោង ទើបត្រូវគ្នាបានសមត្ថកិច្ចចរាចរណ៍ខណ្ឌដូនពេញជួយសម្របសម្រួលផងដែរ ។
ក្រោយពេលកើតហេតុ ខាងរថយន្តបង្កសងទៅឲ្យខាងរថយន្តឡិចសុីស RX300 ចំនួន350$ និងរថយន្តតូយ៉ូតាចំនួន2300$ ដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុតែម្តង ៕ ធឿនព្រែកជ័យ