ខេត្តកំពង់ធំ៖ រថយន្តដឹកស្រាបៀរអង្គរ ព្រលះរថយន្តស្រាបៀរកម្ពុជា ពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង១០និង២៥នាទីព្រឹក ថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ លើផ្លូវកំណាត់ផ្លូវជាតិលេខ៦ ចំណុចផ្លូវប្រសព្វ រាងអក្សរ Y ភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គឺរថយន្ត បុករថយន្ត ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យរបួសធ្ងន់១នាក់ ខូចខាត រថយន្ត១គ្រឿង ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ស្លាកលេខ តាកែវ 3A.2009 របស់ក្រុមហ៊ុនស្រាបៀរអង្គរ បើកបរទិសដៅពីជើងទៅត្បូង ដោយឈ្មោះ សេង ដែន ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិអំពៅឌៀប ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប មុខរបរបើកបររថយន្តក្រុមហ៊ុនស្រាបៀរអង្គររបួសធ្ងន់ ។
រថយន្តម៉ាកហ៊ីនយ៉ានដាយ ពណ៌ស លាយខៀវ ស្លាកលេខ ភ្នំពេញ 3D.2158 របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា បើកបរពីត្បូងទៅជើង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួន ។
មូលហេតុ បង្កឡើងអ្នកបើកបររថយន្តស្រាបៀរអង្គរ បើកបរចៀស រថយន្តក្រុងដែលឈប់លើផ្លូវ ហើយជ្រុលចង្កូតទៅបុករថយន្តដឹកស្រាបៀរកម្ពុជា ដែលកំពុងចរាចរក្នុងគន្លងផ្លូវផ្ទុយទិស ។
វត្ថុតាងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដោះស្រាយតាមក្រោយ ៕ ប៊ុនរិទ្ធី