ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រា បើកម៉ូតូលឿនមិនប្រយ័ត្ន បុកទ្រូងផ្លូវរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ស្រវឹងស្រាបើកម៉ូតូមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន មិនបានប្រយ័ត្ន ក៏ជ្រុលបុកទ្រូងផ្លូវ បណ្តាលឲ្យដួល រងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកតាមរថយន្តយកទៅសង្គ្រោះ។

ហេតុការណ៍នេះ បានកើតឡើងកាកពីវេលាម៉ោង១១និង០៥នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចក្បែរនឹងសាលាអន្តរជាតិប៊េលធី ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ វ័យជាង២៥ឆ្នាំ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1BB-8370 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈបើកមកដល់ចំណុចកើតហេតុ ជនរងគ្រោះបើកក្នុងល្បឿនយ៉ាងលឿនដូចហោះ ក្នុងស្ថានភាពស្រវឹងស្រាផង បានរេចង្កូតជ្រុលទៅបុកទ្រូងផ្លូវចំពេញទំហឹងបណ្តាលឲ្យដួលខ្ទាតផ្លោងទាំងមនុស្សទាំងម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់បែកក្បាលសន្លប់ស្តូកស្តឹង នៅនឹងនៅកន្លែងកើតហេតុ ចំណែកឯម៉ូតូរងការខូចខាតតិចតួច ។ ភ្លាមៗនោះដែរ រថយន្តសង្គ្រោះរបស់គ្លីនិកឯកជនហុងហាក់ បានមកដល់ដឹកយកជនរងគ្រោះយកទៅសង្គោះភ្លាមៗ នៅមន្ទីរពេទ្យកាលម៉ែតផងដែរ សមត្ថកិច្ចបានជួយរក្សាទុកកាបូបលុយ និងជួយយកទូរស័ព្ទដៃយកទៅទំនាក់ទំនងរកសាច់ញាតិមកមើលជនរងគ្រោះនៅមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុ ម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ រង់ចាំសាច់ញាតិយកឯកសារគ្រប់គ្រាន់មកដើម្បីប្រគល់ឲ្យម្ចាស់វិញ៕ ធឿនព្រែកជ័យ


ចែករំលែក៖