ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលស្នងការរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យម្នាក់មុខសញ្ញាចោរឆក់ និងប្លន់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់រួម និងម៉ូតូមួយគ្រឿងធ្លាប់ជិះធ្វើសកម្មភាពឆក់ និងប្លន់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិត ស្រាល នៃស្នងការ រាជធានីភ្នំពេញដេញប្រភិតចាប់ប្រភីងបាន កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបកោសដូង ផ្លូវ២៣០ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យមានមានឈ្មោះជុំ សីុដែន ហៅអាកណ្តៀវ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំទួលសង្កែ​ ខណ្ឌឫស្សីកែវ ស្រុកកំណើតនៅម្តុំ បូរីលឹមឈាងហាក់ ភូមិអូដឹម សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបន្តទៀតថា មុនសកម្មភាពដេញ និងចាប់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងកំពុងជិះល្បាតនៅតាមបណ្តោយផ្លូវ១៨២ ស្តុបទេពផន ខណៈនោះក៏ឃើញជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមសង់ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HO-5846 ដែលជាមុខសញ្ញាចោរឆក់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ដោយធ្វើដំណើរទិសដៅពីលិចទៅកើត ភ្លាមនោះកម្លាំងបានហៅឲ្យឈប់តែជនសង្ស័យ មិនឈប់បានជិះម៉ូតូរត់គេចខ្លួនមកដល់ចំណុចកើតហេតុខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បានតែម្តង ។

បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍បឹងសាឡាងបានចុះមកដល់កន្លែងកើតហេតុ និងបានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការរាជធានីភ្នំពេញបានបញ្ជូនខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងសាឡាងបន្ត ។

បន្ទាប់ពីបានសួរនាំរួចហើយ ជនសង្ស័យបានសារភាពថា ធ្លាប់ធ្វើសកម្មភាពប្លន់មួយលើក ក្នុងឆ្នាំ២០១៨ នៅខណ្ឌចំការមន និងធ្លាប់ធ្វើសកម្មភាពឆក់ជាញឹកញាប់ ក្នុងរាជធានីភ្នំពេញ ហើយក៏ជាប់គុកម្តងរួចមកហើយដែរ និងជាអ្នកប្រើប្រាស់គ្រឿងញៀនផងដែរ ។

បច្ចុប្បន្នជនសង្ស័យកំពុងតែសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងសាឡាង រួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖