ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ នាង សុជីវី អញ្ជើញជាអធិបតី ក្នុងពិធីប្រជុំផ្សព្វផ្សាយ ការងារសោធននិវត្តន៍ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ពិធីនេះធ្វើឡើងនៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។

ដោយមានការចូលរួមលោកមេបញ្ជាការ បញ្ជាការរង លោកនាយរងសេនាធិការ លោកប្រធាន-អនុប្រធានមន្ទីរទាំង៥ នាយការិយាល័យ និងជំនួយការ មេបញ្ជាការ មេបញ្ជាការរង ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ និងស្នាក់ការសន្តិសុខ ប្រមាណជាង១១៦នាក់ ។

លោកឧត្តមសេនីយ៍ទោ នាង សុជីវីមានប្រសាសន៍ក្នុងឱកាសនោះថា បន្ទាប់ពីការត្រួតពិនិត្យដំណាក់កាលដំបូងរបស់អង្គភាពកងរាជអាវុធហត្ថខេត្ត នេះជាជំហានទី២ ដែលក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃ ដើម្បីត្រួតពិនិត្យកម្លាំងដែលដល់អាយុចូលនិវត្តន៍ឲ្យមានសុក្រិតភាព និងរង់ចាំការសម្រេចពីក្រសួងការពារជាតិបន្ត និងអ្នកដល់អាយុត្រូវចូលនិវត្តន៍មានសិទ្ធិស្នើសុំនៅបម្រើការងារទៅតាមលក្ខខណ្ឌដូចជាពិនិត្យឃើញថា នៅមានសុខភាពល្អ សីលធម៌ល្អ ជាអ្នកបច្ចេកទេស និងជាជំនាញ ដែលអង្គភាពត្រូវការចាំបាច់ និងពិនិត្យអនុញ្ញាតឲ្យនៅបម្រើការងារបន្ត ។

លោកឧត្តមសេនីយ៍ទោបញ្ជាក់ថា អ្នកដល់អាយុចូលនិវត្តន៍ទទួលបានកិត្តិយស មោទនៈភាព ការទទួលស្គាល់ពីក្រសួងការពារជាតិ ព្រមទាំងទទួលបានប្រាក់សោធន៍និវត្តន៍យ៉ាងទៀងទាត់ ផ្ទុយពីកងកម្លាំងដែលរត់ចោលជួរ ឬកងកម្លាំងត្រូវអង្គភាពបណ្តេញចេញពីអង្គភាព ៕


ចែករំលែក៖