រាល់ពេលដែលទឹកដីអ៊ីស្រាអែលរងការវាយប្រហារ ដោយរ៉ុក្កែត ឬមីស៊ីលពីកាហ្សានោះ អ៊ីស្រាអែលតែងតែវាយបកវិញ ។ កន្លងមក អ៊ីស្រាអែលបាយវាយប្រហារដល់ទៅ១០០លើក លើទីតាំងនានា របស់ក្រុម ហាម៉ាស់ នៅកាហ្សា ហើយពេលនេះដែរ ទីតាំងសំខាន់ៗ ជាច្រើន ក៏រងការវាយប្រហារដូចគ្នា។
ក្រោយអ៊ីស្រាអែលរងការវាយប្រហារ ដោយរ៉ុក្កែត ពីកាហ្សាទៅកាន់ទីក្រុង Tel Aviv បណ្តាលឲ្យមានមនុស្សរងរបួស៧នាក់ កម្លាំងទាហានអ៊ីស្រាអែល ក៏បាន តបតវិញ ដោយបើកការវាយប្រហារ តាមដែនអាកាសទៅលើគោលដៅជាច្រើនរបស់ក្រុមហាម៉ាសនៅកាហ្សា។
ប្រភពព័ត៌មានពីមន្ត្រីសន្តិសុខ នៅកាហ្សា បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមីនា អ៊ីស្រាអែលបានបើកការវាយប្រហារ៦លើកទៅលើទីតាំង យោធារបស់ក្រុមហាម៉ាសនៅភាកខាងលិចកាហ្សា ។ ក្នុងការវាយប្រហារនោះ កម្លាំងទាហានអាកាសអ៊ីស្រាអែលបាន កម្ទេចទីតាំង មេបញ្ចាការ Ismail Haniyeh របស់ក្រុមហាម៉ាសនៅកាហ្សា ។ ទីតាំងខាងលើ មេដឹកនាំក្រុមហាម៉ាសតែងតែប្រើប្រាស់ ធ្វើជាកន្លែងជំនួបពិភាក្សាជាមួយមន្ត្រីយោធា និង ឡើងគម្រោងវាយប្រហារទៅលើទីតាំងរបស់អ៊ីស្រាអែល ។
កម្លាំងទាហានអ៊ីស្រាអែល បានប្រកាសតាមបណ្តាញសង្គម Twitter ថា យន្តហោះចម្បាំង បានវាយប្រហារទៅលើទីតាំងយោធា ចារកិច្ច និងការិយាល័យសន្តិសុខ របស់ក្រុមហាម៉ាសនៅកាហ្សា ។
កាលពីលើកមុន ក្រុមហាម៉ាស់ ក៏បានវាយប្រហារទៅលើទីតាំង របស់អ៊ីស្រាអែល ហើយក្រោយមកអ៊ីស្រាអែលក៏បានវាយប្រហារសងសឹកវិញ ទៅលើទីតាំង ១០០កន្លែងរបស់ក្រុមហាម៉ាស ។
ពាក់ព័ន្ធនឹងស្ថានភាពអ៊ីស្រាអែលនោះដែរ នៅពេលនេះតំបន់ ហ្គោឡែន ដែលអ៊ីស្រាអែលបានគ្រប់គ្រងដោយ ខុសច្បាប់ ត្រូវបានអាមេរិក ប្រកាសទទួលស្គាល់ថា ជាទឹកដីរបស់អ៊ីស្រាអែល ។ ការប្រកាសខាងលើរបស់អាមេរិកបានបង្កឲ្យមានវិវាទកាន់តែខ្លាំង ថែមទៀត រវាងអ៊ីស្រាអែល នឹងប្រទេសជិតខាង។
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ បានចុះហត្ថលេខា ទទួលស្គាល់ដែនដី Golan Heightsថា ជាកម្មសិទ្ធិរបស់អ៊ីស្រាអែលផ្តាច់មុខ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលប្រទេសដទៃផ្សេងទៀត ដូចជារុស្ស៊ីជាដើមនិយាយថា នឹងធ្វើឲ្យស្ថានការតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា ។
សូមបញ្ជាក់ថា ដែនដី Golan Heights អតីតជារបស់ស៊ីរី ។ ក្នុងឆ្នាំ១៩៦៧ ក្រុមជនជាតិ Jewish បានធ្វើសង្គ្រាមរយៈពេល៦ថ្ងៃជាមួយស៊ីរី ហើយចូលកាន់កាប់ដែនដីទាំងនេះ រហូតដល់សព្វថ្ងៃ ។
ដំណោះស្រាយរបស់អង្គការសហប្រជាជាតិបានចាត់ទុកថា ដែនដីGolan Heightsនេះ អ៊ីស្រាអែលកាន់កាប់ដោយខុសច្បាប់ ។ ប៉ុន្តែក៏ពុំមានដំណោះស្រាយបែបណាឲ្យដល់ប្រទេសស៊ីរីផងទេ ជាយូរមកហើយ ។
ប្រទេសបារាំង, អង់គ្លេស និងសម្ព័ន្ធមិត្តដទៃទៀតរបស់អាមេរិក បានអះអាងថា ពួកគេនៅតែពិចារណាចាត់ទុកថា ដែនដីGolan Heights ជាដែនដី ដែលអ៊ីស្រាអែលចូលកាន់កាប់ដោយខុសច្បាប់ ស្របតាមដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ។
ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ថ្លែងថា ការប្រកាសទទួលស្គាល់របស់លោកដូណាល់ ត្រាំ បែបនេះ បានធ្វើឲ្យទម្រង់ផ្លូវច្បាប់អន្តរជាតិនានា ក្លាយជាអាសារឥតការ គ្មានប្រយោជន៍ ហើយការធ្វើបែបនេះ នាំឲ្យមានរលកនៃស្ថានការតានតឹងថ្មីមួយទៀត នៅក្នុងតំបន់មជ្ឈិមបូព៌ា ៕