កាលពីថ្ងៃទី២៥ ខែមីនា មន្ត្រីបារាំង និងចិន បានចុះកិច្ចព្រមព្រៀង ១៥ចំណុច ក្នុងនោះមានថាមពល ឧស្សាហកម្ម ស្បៀងអាហារ ដឹកជញ្ជូន ក្រោមអធិបតីរបស់ប្រធានាធិបតីចិនស៊ី ជីងពីន និងប្រធានាធិបតីបារាំងលោក ម៉ាក្រុង ។
ក្រុមហ៊ុន Airbus បានចុះកិច្ចព្រមព្រៀងលក់យន្តហោះ ដឹកអ្នកដំណើរដល់ទៅ៣០០គ្រឿង ឲ្យចិន ក្នុងពេលដែលប្រធានាធិបតីចិន លោកស៊ី ជីងពីន កំពុងតែបំពេញទស្សនកិច្ចទៅកាន់ប្រទេសតំបន់អឺរ៉ុប ។ ការសម្រេចទិញយន្តហោះរបស់ Airbus យ៉ាងច្រើននោះ ក្នុងពេលដែលចិនបានសម្រេច ឈប់ប្រើប្រាស់ យន្តហោះរបស់ក្រុមហ៊ុន Boeing អាមេរិក ក្រោយជួបគ្រោះថ្នាក់ផ្ទួនៗគ្នា ។
តាមកិច្ចព្រមព្រៀងខាងលើ មានទឹកប្រាក់ដល់ទៅ៣៥ពាន់លានដុល្លារ ក្នុងនោះក្រុមហ៊ុនផលិតយន្តហោះ Airbus នឹងផ្តល់ឲ្យចិន នូវយន្តហោះធុនធំ១០គ្រឿង ប្រភេទ A350និង យន្តហោះ A20 ចំនួន២៩០គ្រឿង។ យន្តហោះ A320 ដូចទៅនឹងប្រភេទយន្តហោះ Boeing 737 MAX របស់អាមរិក។
ចិនបានទិញយន្តហោះពីក្រុមហ៊ុន Boeing ចំនួន៣០០គ្រឿងក្នុងពេលដែលប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងកាលពីឆ្នាំ២០១៧ ។ ក្រោយមក ប្រទេសទាំងពីរបានធ្លាក់នៅក្នុងសង្គ្រាមពាណិជ្ជកម្ម ទើបចិនមិនបន្តទិញយន្តហោះពីអាមេរិក។
នៅក្នុងសន្និសីទកាសែតរួមជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron បានវាយតម្លៃថា «កិច្ចព្រមព្រៀងខាងលើ គឺជាជំហានដ៏សំខាន់បំផុត ក្នុងពេលបច្ចុប្បន្ន ជាសញ្ញាដ៏ល្អប្រសើរក្នុងទំនាក់ទំនងទ្វេភាគី។
ចំណែកក្រុមហ៊ុន Airbus វិញបានបញ្ជាក់ថា ទំនាក់ទំនងយូរអង្វែង គឺនាំមកនូវកិច្ចព្រមព្រៀងថ្មីបំផុត មិនមែនដោយសារសុវត្ថិភាព យន្តហោះទើប ចិនងាកចេញពី ប៊ូអ៊ីង មកទិញ អ៊ែរបឺសវិញនោះឡើយ ៕