ខេត្តស្ទឹងត្រែង៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯកវ៉ា សុផាន់ បានដឹកនាំកម្លាំងចុះមកកាន់ទីតាំងកែច្នៃឈើខុសច្បាប់ មួយកន្លែងនិងបានរាយការណ៍ជូនឯកឧត្តមម៉ុម សារឿន អភិបាលខេត្ត នឹងបានបញ្ជាកម្លាំងរដ្ឋបាលព្រៃឈើខេត្ត ចុះមកដល់ទីតាំងដើម្បីចាត់ការតាមផ្លូវច្បាប់។
ប្រតិបត្តិការបង្ក្រាបទីតាំងកែច្នៃឈើខុសច្បាប់នេះបានធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោកវីរសេនីយ៍ឯក វ៉ា សុផាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានបញ្ជាក់ថាទីតាំងកែច្នៃឈឺខុសច្បាប់នេះ ត្រូវបានកម្លាំងរបស់លោកចុះមកដល់ ទីតាំងសិប្បកម្មខាងលើស្រាវជ្រាវរកឃើញថា ពិតជាលួចលាក់កែច្នៃឈើខុសច្បាប់អស់រយៈពេល ១ខែមកហើយ ដោយគ្មានច្បាប់អនុញ្ញាត្តិនោះទេ។
លោកវរសេនីយ៍ឯកបន្តថាៈ មុនពេលកម្លាំងចុះដល់ទីតាំងកែច្នៃឈើខុសច្បាប់ខាងលើ ម្ចាស់សិប្បកម្មហាក់បីដូចជាដឹងខ្លួនមុន បានធ្វើការរត់គេចខ្លួនបាត់ស្រមោលអស់ បន្សល់ទុកតែវត្ថុតាងដូចជា ម៉ាស៊ីនជ្រៀក ម៉ាស៊ីនឈូស និងសំភារៈផ្សេងៗទៀត សម្រាប់កែច្នៃឈើតែប៉ុណ្ណោះ រួមទាំងឈើដែលនៅសេសសល់មានចំនួនប្រមាណជាង៦ម៉ែត្រគូប។
បច្ចុប្បន្ននៅរសៀលថ្ងៃទី២៥ ខែមីនា ទីតាំងកែច្នៃឈើខុសច្បាប់កម្លាំងជំនាញ រួមមានកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងកំពង់ឈរជើងនៅទីតាំងនោះដើម្បីធ្វើកំណត់ហេតុដកហូតឈើខុសច្បាប់នឹងដឹកជញ្ជូនទៅកាន់រដ្ឋបាលព្រៃឈើចាត់ការទៅតាមនិតិវិធីច្បាប់ ៕ មាស សុផាត