ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតដែលបានបញ្ចប់ការសិក្សាឆ្នាំ២០១៧-២០១៨ សរុបចំនួន១,៩១៨នាក់ ក្នុងនោះមាននារី ៧១៣ នាក់ផងដែរ។
គរុសិស្ស និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន៖ និស្សិតអធិការអប់រំចំនួន ៤០នាក់ នារី ៤នាក់, បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ២៣នាក់ នារី ៣នាក់, និស្សិតវិជ្ជាជីវៈ នាយកសាលាមធ្យមសិក្សាទុតិយភូមិ ១៨នាក់ នារី ១នាក់, គ្រូបង្រៀនកម្រិតឧត្តមបរិញ្ញាបូក១ ចំនួន ៨០៥នាក់ នារី ៣២៤នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿន ៩៨៨នាក់ នារី ៣៥០នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋានភាសាបារាំង-ខ្មែរ ១២ បូក២ ចំនួន ៤៤នាក់ នារី ៣១នាក់ ៕