ភ្នំពេញ ៖ តាមរយៈកាមេរ៉ាសុវត្ថិភាពដែលថតបានពីករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើងនៅមូល ដ្ឋានខណ្ឌទួលគោកកាលពីរសៀលថ្ងៃ អង្គារ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៩នេះបានធ្វើឲ្យកក្រើកពេញបណ្តាញ សង្គមហ្វេសប៊ុកនោះ និងបានប្រកាសថ្កោលទោសខ្លាំងទៅលើអ្នកបើករថយន្តមួយគ្រឿង ម៉ាក Rang Rover ពាក់ស្លាកលេខភ្នំពេញ 2AF-7777 ដែលបើកបរក្នុងល្បឿនលឿនទៅបុកម៉ូតូនិស្សិតស្រីឆ្នាំទី៤ម្នាក់បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មរហូតមានការអំពាវនាវដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជា ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិតាមចាប់ជន បង្កហេតុយកមកដាក់ទោសតាមច្បាប់ ដើម្បីឲ្យក្រុមគ្រួសារសពបានស្ងប់ចិត្ត ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ជានិស្សិតឆ្នើមនៅសាកល វិទ្យាល័យ «ផារ៉ាហ្គន» និងជាអតីតសិស្ស សាលាហ្សាមែនដែលទទួលបានអាហារូបករណ៍ មានស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខកណ្តាល 1J 5254 ។
ចំណែកម្ចាស់រថយន្តបង្កហេតុម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AF-7777 មានឈ្មោះ យិន ង្គិច ជាម្ចាស់សណ្ឋាគារល្បីមួយនៅខេត្តសៀមរាបយីហោប្រេមអុិចប្រេសអង្គរ និងជាសមាជិកក្រុមប្រឹក្សាខេត្តដោយអ្នកបើកបរគ្រោះ ថ្នាក់នោះ គឺជាកូនស្រីរបស់ម្ចាស់រថយន្ត បច្ចុប្បន្នកំពុងរត់គេចខ្លួន ។
មុនពេលកេីតហេតុ នារីរងគ្រោះបានជិះម៉ូតូម្នាក់ឯងធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ ៥២៨ ក្នុងទិសដៅពីលិចទៅកេីត ខណៈ មកដល់ចំណុចកេីតហេតុក៏បត់ចង្កូតទៅជេីងលេីផ្លូវលេខ៣១៧ស្រាប់តែមាន រថយន្តបង្កហេតុម៉ាក Rang Rover ពណ៌ ខ្មៅពាក់ស្លាកលេខភ្នំពេញ 2AF-7777 មួយគ្រឿង បើកបរដោយនារីម្នាក់រួមដំណើរ ជាមួយនឹង ស្រីម្នាក់ទៀតធ្វេីដំណេីរមកពីជេីងទៅត្បូងលេីផ្លូវលេខ៣១៧ក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកពេញទំហឹង បណ្តាលឲ្យនារីរងគ្រោះបោកផ្ទប់ទៅនឹង បង់ថ្មនិងជញ្ជាំងផ្ទះប្រជាពលរដ្ឋ បាក់ឆ្អឹងដងខ្លួនខ្ទេចនិងបាក់កស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ។ បន្ទាប់ពីកើតហេតុនារីដែលជាអ្នកបើករថយន្តបង្កបានបេីករត់គេច ចេញទៅ ។
ប្រភពបន្តទៀតថា ក្រោយពីការផ្សាយ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ ដំបូងឡើយមានការចង់ដឹងពីមហាជនយ៉ាងខ្លាំងចំពោះអ្នកបើករថយន្តតើជានរណា? ភ្លាមៗនោះ បានទទួលបណ្ណសម្គាល់រថយន្តពីសមត្ថកិច្ចជំនាញចរាចរណ៍ដោយបង្ហាញ ថា ម្ចាស់រថយន្តមានឈ្មោះ សេង ពិទូ មានអាសយដ្ឋានផ្ទះលេខ 170E0E1 ផ្លូវ លេខ១៣០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូន ពេញ រាជធានីភ្នំពេញ ។
បន្ទាប់ពីមានព័ត៌មានបានផ្សព្វផ្សាយផ្អើលទូទាំងប្រទេសរួចមក រហូតលោក សេង ពិទូ ជាមន្រ្តីយោធាដែលជាម្ចាស់រថយន្តដើមនិង សង្ស័យថា ជាអ្នកបើកផងនោះក៏បានចេញមកបំភ្លឺនិងបដិសេធថា លោកមិនមែនជាអ្នកបើករថយន្តនោះ ឡើយ ដោយរថយន្តនេះលោកបានលក់ទៅឲ្យអ្នកផ្សេងជាង៣ឆ្នាំមកហើយតែមិនទាន់បានកាត់ឈ្មោះ។ ជាមួយគ្នានេះលោក សេង ពិទូ ក៏បានអះអាងថា នៅពេលនេះលោកកំពុងបំពេញបេសកកម្មជាមួយថ្នាក់ដឹកនាំនៅប្រទេសរុស្ស៊ីឯណោះ។
ក្រៅពីការបកស្រាយនៅលើ អាក់ខោន ហ្វេសប៊ុក របស់ខ្លួនជាអក្សរនោះ លោក សេង ពិទូ ក៏បានផ្សាយបន្តផ្ទាល់ជាវីដេអូពីប្រទេសរុស្ស៊ី ដោយបង្ហាញថា លោកពិតជាកំពុងនៅទីនោះមែនជាមួយថ្នាក់ដឹកនាំ និងគណៈប្រតិភូ ។
យ៉ាងណាក៏ដោយ សម្រាប់ករណី គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ សមត្ថកិច្ចជំនាញបានស្រាវជ្រាវទាល់តែម្ចាស់រថយន្តបង្ក Rang Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AF-7777 មាន ឈ្មោះ យិន ង្គិច បានប្រកាសទទួលខុសត្រូវគ្រប់បែបយ៉ាងចំពោះគ្រោះថ្នាក់ចរាចរណ៍ មួយនេះនៅចំពោះមុខសមត្ថកិច្ចនិង ចំពោះក្រុមគ្រួសារជនរងគ្រោះហើយអះអាងថា នឹងប្រគល់រថយន្តបង្កហេតុ និងអ្នកបើកបរទៅឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ។
លោក យិន ង្គិច បានឲ្យដឹថា តាមពិត រថយន្តមួយគ្រឿងនេះលោកបានទិញពី កន្លែងលក់រថយន្តមួយកន្លែងនៅទល់មុខក្រសួងផែនការ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ។ ម្ចាស់ដើមឈ្មោះ សេង ពិទូ បានលក់មកឲ្យយានដ្ឋានមួយកន្លែងនេះ។ លោកបានទិញកន្លែងលក់រថយន្តនេះ ប៉ុន្តែ មិនទាន់បានកាត់ឈ្មោះ ។
ដោយឡែកលោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា «នៅពេលនេះខ្ញុំបាន និងកំពុងតាមស្វែងរកចាប់ខ្លួនអ្នកបើកបរ រថយន្ត Rang Rover ពាក់ស្លាកលេខភ្នំពេញ 2AF-7777 ដែលបានបុកនិស្សិតស្រីម្នាក់ប៉ើងដូចក្រដាសបណ្តាលឲ្យស្លាប់យ៉ាង អាណោចអាធ័មនេះ គឺមិនឲ្យរួចខ្លួនឡើយ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ និងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះឲ្យបាន»។ ជាមួយគ្នានេះលោកឧត្តមសេនីយ៍ស្នងការបាន បញ្ជាក់ថាសម្រាប់អត្តសញ្ញាណម្ចាស់ រថយន្ត មន្រ្តីនគរបាលជំនាញបានស្គាល់ អស់ហើយ និងកំពុងស្រាវជ្រាវបន្តទៀត ដើម្បីស្វែងរកចាប់ខ្លួន ។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ លោក ស សុខា រដ្ឋលេខាធិ ការក្រសួងអប់រំនិងជាកូនប្រុសសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅល្ងាចថ្ងៃទី២៦ខែមីនាឆ្នាំ២០១៩នេះ (ថ្ងៃកើតហេតុ) ក៏បានចេញមកប្រកាសថ្កោលទោសយ៉ាង ធ្ងន់ធ្ងរ និងទទូចឲ្យកម្លាំងនគរបាលតាម ចាប់អ្នកបើករថយន្ត មកផ្តន្ទាទោសផងដែរ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់ខ្លួនបានបញ្ជាក់ថា «ខ្ញុំមានការសោក ស្ដាយ និងរន្ធត់ចិត្តយ៉ាងខ្លាំងនៅពេល ដែលទទួលដំណឹងតាមបណ្ដាញព័ត៌មានក្នុងស្រុកថា មានរថយន្ត Rang Rover ពាក់ស្លាកលេខភ្នំពេញ 2AF-7777 បាន បើកលឿនដូចហោះបុកយុវតីជានិស្សិត ម្នាក់បណ្ដាលឱ្យស្លាប់តាមបណ្ដោយផ្លូវលេខ៣១៧ កែងផ្លូវលេខ៥២៨ សង្កាត់ បឹងកក់១ ខណ្ឌទួលគោករួចបើករត់គេច ខ្លួនមិនទទួល ខុសត្រូវចំពោះទង្វើរបស់ខ្លួន។
តើហេតុអ្វីបានជាហ៊ានបង្កហេតុតែមិនហ៊ានទទួលខុសត្រូវទៅវិញ?ក្នុងនាម ប្រជាពលរដ្ឋមួយរូបខ្ញុំសូមថ្កោលទោស ចំពោះទង្វើល្មើសច្បាប់បង្កគ្រោះថ្នាក់មិន ទទួលខុសត្រូវបែបនេះ។ ខ្ញុំសូមអំពាវនាវ ដល់សមត្ថកិច្ចពាក់ព័ន្ធស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាពិសេសការិយា ល័យនគរបាលចរាចរណ៍មេត្តាចាត់ការតាម នីតិវិធីសហការជាមួយខាងសាធារណការដើម្បីស្វែងរកម្ចាស់យានយន្តពិសេសអ្នកបើកបរបង្កហេតុមកអនុវត្តតាមច្បាប់ដោយ គ្មានការលើកលែង»។
លោក ស សុខា បន្តថា ករណីនេះ ក្រឡេកមកមើលច្បាប់ចរាចរណ៍ឆ្នាំ២០១៥ ត្រង់មាត្រា៨៥ វាក្យខ័ណ្ឌទី២បើមានភស្ដុតាងគ្រប់គ្រាន់តុលាការនឹងផ្ដន្ទាទោសជនបង្កដាក់ពន្ធគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លានទៅ២៥លានរៀល ព្រោះជាស្ថានទម្ងន់ទោស ដោយសាររត់គេចខ្លួនពីកន្លែងកើតហេតុក្នុងបំណងមិនទទួលខុសត្រូវ។ តែទោះជាយ៉ាងណា ជាសមត្ថកិច្ចផ្ដាច់មុខរបស់តុលាការ។ប្រសិនបើអាច ខ្ញុំយល់ឃើញថា អ្នកបើកបរបង្ក គប្បីចូលខ្លួនទៅកាន់ការិយាល័យចរា ចរណ៍ផ្លូវគោកឱ្យនគរបាលជំនាញកសាងសំណុំរឿង ទៅកាន់តុលាការប្រសើរជាងការរត់គេចខ្លួនព្រោះថាជង់មិនភ្លេចកុកនោះទេ កុកទេដែលភ្លេចជង់ ។
ចុងក្រោយខ្ញុំសូមសម្តែងការសោក ស្ដាយម្ដងទៀតចំពោះការបាត់បង់ធនធានមនុស្សដោយសារអ្នកល្មើសច្បាប់ចរាចរណ៍និងសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពប្អូនស្រី ឌុំ រីដា ដោយស្មោះបំផុត។ សូមដួងវិញ្ញាណក្ខន្ធ ប្អូនស្រីបានទៅកាន់សុគតិភពកុំបីអាក់ ខានឡើយ។
បច្ចុប្បន្នសពនារីរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនានៅស្រុកកំណើត ។
គួរបញ្ជាក់ថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៩នេះ ដោយមានការអំពាវនាវរបស់មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ សម្តេចតេជោ ហ៊ុន សែន ក៏មិននៅ សុខដែរចំពោះសកម្មភាពល្មើសច្បាប់ សង្គមមួយនេះរហូតសម្តេចបានប្រកាសពីលើវេទិកាចែកសញ្ញាបត្រមួយឲ្យសមត្ថកិច្ចត្រូវតែតាមចាប់អ្នកបើករថយន្តមួយនេះឲ្យបាន ។ នៅចំពោះមុខគរុសិស្ស-និស្សិតជិត ២ពាន់នាក់ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ ប្រមុខរាជរដ្ឋាភិបាល កម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែង យ៉ាងដូច្នេះថា «ករណីចរាចរណ៍ឃើញគេ បញ្ចាំងចុះបញ្ចាំងឡើងរឿងបញ្ហាបុកនិស្សិតស្លាប់ទៅតាមរកឱ្យឃើញបណ្តាលមកពីអី គឺចេញមកពីអត់គុណធម៌ហ្នឹងឯងអត់គុណ ធម៌ហ្នឹងឯង បើយើងជិះកង់ទោះបីជាយើងជិះលឿនយឺតប៉ុនណាគង់លឿនជាងអ្នកដើរ ដែរ ហើយបើយើងជិះម៉ូតូបើទោះបីជាយើងជិះលឿនជិះយឺតប៉ុនណាក៏គង់លឿនជាងកងលឿនជាងអ្នកដើរដែរ»។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍កំពុងសម្លាប់មនុស្សច្រើនជាងសម័យសង្គ្រាមទៅទៀត និងបានទាមទារឲ្យមានការយកចិត្តទុកដាក់ទៅលើបញ្ហានេះ។
ដោយឡែកក្រោយពីសម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យកម្លាំងសមត្ថកិច្ចតាមចាប់អ្នកបើករថយន្ដបង្កនោះនៅថ្ងៃទី២៧ខែមីនា ឆ្នាំ២០១៩នេះ វេលាម៉ោង១០ព្រឹកម្ចាស់ រថយន្ដបង្កឈ្មោះ យិន ង្គិច បានយល់ព្រមចូលដោះស្រាយនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ។ ជាមួយគ្នានោះដែរ លោក យិន ង្គិច ដែលជាឪពុកជនបង្កហេតុ បានចេញមុខទទួលខុសត្រូវលើហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុកសម្លាប់និស្សិតនៅសាកលវិទ្យាល័យ «ផារ៉ាហ្គន» បានផ្តល់ថវិកាប្រមាណ៥ពាន់ដុល្លារអាមេរិកតាមរយៈលោក ផែង វណ្ណៈ ដើម្បីចូលបុណ្យ សពកញ្ញា ឌុំ រីដា នៅគេហដ្ឋានរបស់សពក្នុងភូមិកំពង់ដំរី ឃុំព្រែក តាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ប៉ុន្តែទង្វើរបស់គ្រួសារជនបង្កដែលប្រើឲ្យលោក ផែង វណ្ណៈ យកលុយទៅចូលបុណ្យ ជំនួសនេះត្រូវបានប្រជាពលរដ្ឋនិងសា ធារណមតិមើលឃើញថាជាកាយវិការ មួយមិនសម រម្យនោះឡើយ។ ជាពិសេសវាជាកាយវិការមិនផ្តល់តម្លៃដល់សព ហើយពួកគេបាន និងកំពុងយកតម្លៃលុយធំជាងតម្លៃជីវិត របស់មនុស្សទៅវិញ ។
ពាក់ព័ន្ធបញ្ហានេះលោកគឹម សន្តិភាព ថ្លែងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៩ នេះថា “បញ្ហាដែលបានកើតឡើងជា ឧទាហរណ៍ជាក់ស្តែង “។ ការលក់យាន យន្ត ដោយមិនបានកាត់ឈ្មោះ(ផ្ទេរកម្ម សិទ្ធិ) ចង់មិនចង់ម្ចាស់យានយន្តដើមច្បាស់អាចជាប់ជំពាក់នឹងការបកស្រាយជាមួយសមត្ថកិច្ច ក្នុងករណីដែលយានយន្តនោះក្លាយជាមធ្យោបាយប្រព្រឹត្តបទល្មើសណាមួយ ។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌រូបនេះ បន្តថា “ដើម្បីជៀសផុតពីបញ្ហា សូមមេត្តាកាត់ឈ្មោះ(ផ្ទេរកម្មសិទ្ធិ)នៅរាល់ពេល ដែលមានការទិញ-លក់យានយន្ត ”៕ ធឿនព្រែកជ័យ