ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តឡើងលើ ស្ពានជ្រោយចង្វា ប៉ះខឿនស្ពានក្រឡាប់ផ្ញារជើង ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នៅលើស្ពាន ជ្រោយចង្វា នៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ម្ចាស់រថយន្តបង្ក មិនស្គាល់អត្តសញ្ញាណទេ បើករថយន្តម៉ាក ហ្វររ៉េន័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2D.6081 ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត ហ្វរន័រមួយគ្រឿងយ៉ាងលឿនឡើងលើស្ពានក្នុង ទិសដៅពីលិចទៅកើត ខណៈមកដល់ ចំណុចកើតហេតុរ៉េចង្កូតប៉ះខឿនស្ពានក្រឡាប់ ផ្ញារជើងមួយចំហៀង បង្កការភ្ងាក់ផ្អើលដល់ អ្នកដំណើរនាំគ្នាជួយរុញឡានឲ្យឈរមកវិញ បណ្តាលឲ្យអ្នកបើករថយន្តរងរបួសរលាត់ ដៃរលាត់ជើងបន្តិចបន្ទួច ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុដោយ ពិនិត្យមើលទៅមិនមានការខូចខាតសម្បត្តិរដ្ឋ ក៏ឲ្យម្ចាស់រថយន្តស្ទួចយកទៅជួសជុលដោយខ្លួនឯង ៕ ជ្រោយពេជ្រ