ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានបញ្ជូនស្ត្រីសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធនិងករណីលួចយកកាបូបស្ពាយដាក់លុយ និងទ្រព្យសម្បត្តិ របស់ជនរងគ្រោះកំពុងតែដេកក្នុងផ្ទះដែលស្ថិតនៅទីលំនៅផ្ទះគ្មានលេខ ផ្លូវ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌដង្កោបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ោ គឹមស្រ៊ាង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។ ចំណែកជនសង្ស័យឈ្មោះ វ៉េង សុធារ័ត្ន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកវត្ថុតាងដកហូតបានរួមមាន ៖ កាបូបស្ពាយដាក់លុយពណ៌ខៀវ មួយ លុយខ្មែរ២១០០០០រៀល (ម្ភៃមួយម៉ឺនរៀល) លុយដុល្លា២២៤ដុល្លា(ពីររយម្ភៃបួនដុល្លារ) ទូរសព្ទ័ចំនួន០៣គ្រឿង (អាយហ្វូនហ្វាយពណ៌សមួយគ្រឿង ណូគាអិនចុចពិលពណ៌ខៀវមួយគ្រឿង អាយម៉ូបាយពណ៌ខ្មៅមួយគ្រឿង) ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១១ ពាក់ស្លាកលេខ 1AU-0323 លេខតួនិងលេខម៉ាស៊ីន 8548524 មួយគ្រឿង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានចូលដេកក្នុងផ្ទះដែលស្ថិតនៅផ្ទះខាង លើ ដោយបានបិតទ្វារផ្ទះខាងមុខ តែបើក ទ្វារផ្ទះខាងក្រោយ រួចក៏ទុកកាបូបស្ពាយដាក់លុយក្បែរខ្លួន ហើយបានដេកលក់ ។
លុះដល់វេលាម៉ោង៣ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ស្រាប់តែជនសង្ស័យបានចូល មកលួច រួចរត់គេចខ្លួន តែជនរងគ្រោះបាន ឃើញភ្លាមរត់ដេញ ស្រែកថាចោររត់ដល់ផ្លូវ៧មករា ចម្ងាយពីផ្ទះ១០០ ម៉ែត្រ ក៏ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រៃស អន្តរាគមន៍ឃាត់ខ្លួនជនសង្សយ័បាន រួមនឹងវត្ថុតាងយកមកធ្វើការសាកសួរ។
បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ ភារ៉ា ដង្កោ