ខេត្តកណ្ដាល៖ ក្មេងស្រីវ័យ១៦ឆ្នាំដើរចេញទៅបត់ជើងតូច នៅក្រោយផ្ទះ នាពេលយប់ស្ងាត់ ក៏ត្រូវបានជនសង្ស័យឆ្លៀតឱកាសចាប់ផ្ដួលទៅលើដី រំលោភសេពសន្ថវៈរហូតបានសម្រេច ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនសង្ស័យដែលមានវ័យ១៦ឆ្នាំដូចគ្នានោះ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដាល នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ដើម្បីចាត់ការតាមនីតិវិធី ។
ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្កណ្ដាល។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អៀង ភារិទ្ធ អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ត្រូវបាននគរបាលប៉ុស្ដិ៍ត្រើយស្លាចាប់ខ្លួន នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។ ចំណែកក្មេងស្រីរងគ្រោះអាយុ១៦ឆ្នាំ ។
លោកអធិការបានបន្ដថា នៅមុនពេលកើតហេតុ វេលាយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ក្មេងស្រីរងគ្រោះបានដើរទៅបត់ជើងតូចនៅខាងក្រោយផ្ទះ ខណៈនោះស្រាប់លេចមុខជនសង្ស័យស្ទុះទៅចាប់ក្មេងស្រីរងគ្រោះផ្ដួលទៅលើដីធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេច ។ គ្រាដែលជនសង្ស័យកំពុងតែលើកខោ បម្រុងដើរចេញក៏ត្រូវបានឪពុកក្មេងស្រីរងគ្រោះបើកពិលទូរស័ព្ទដៃឃើញ ធ្វើឲ្យជនសង្ស័យមានការភ័យខ្លាចរត់គេចខ្លួនបាត់ បន្ទាប់មក បុរសជាឪពុកក៏បាននាំកូនស្រីទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រើយស្លា ។
ក្រោយពីទទួលបានពាក្យបណ្ដឹង លោកបានបញ្ជាឲ្យនាយប៉ុស្ដិ៍ដឹកនាំកម្លាំងចុះស្រាវជ្រាវ រហូតឈានដល់ចាប់ខ្លួនជនសង្ស័យបាន នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កន្លងមកខ្លួនបានទំនាក់ទំនងគ្នាជាមួយក្មេងស្រីរងគ្រោះតាមរយៈឆាតហ្វេសប៊ុក លុះមកដល់មុនពេលកើតហេតុ ខ្លួនបានទំនាក់ទំនងឲ្យនាង(ក្មេងស្រីរងគ្រោះ)ចេញមកក្រោយផ្ទះជួបគ្នា គ្រាមកដល់ក៏ធ្វើសកម្មភាព រួមភេទជាមួយគ្នា ខណៈនោះស្រាប់តែឪពុកនាងមកទាន់ក៏ប្ដឹងសមត្ថកិច្ចតែម្ដង ៕ ស្អាងជ័យ