ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទបានសម្រេច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃសង្នការដ្ឋានរាជធានីភ្នំពេញបានដេញចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលសង្ស័យថាពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទដៃម៉ាកiPhone Xពីជនជាតិចិននៅម្តុំស្ពានតិចណូ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង០៥នាទីយប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១០៧ នៅចំណុចម្តុំអាហារបាត់ដំបង ស្ថិតនៅក្នុងសង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា មុនពេលកើតហេតុ មានជនរងគ្រោះជាជនជាតិចិន២នាក់ កំពុងតែជិះម៉ូតូកង់បីមួយគ្រឿង មកតាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីលិចទៅកើត ពេលជិះមកដល់ចំណុចកើតហេតុ ម្តុំស្ពានតិចណូ ជនរងគ្រោះយកទូរស័ព្ទដៃមកចុច ស្រាប់តែលេចមុខជនសង្ស័យមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាកបានជិះមកជិតរួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច ជិះរត់គេចខ្លួនបាត់ស្រមោល ភ្លាមៗនោះដែរ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទឹកល្អក់១បន្ទាប់មកខាងកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃសង្នការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវមើលតាមប្រព័ន្ធអុីនធឺណេតក៏ឃើញសញ្ញាបញ្ជាក់ថា ជនសង្ស័យកំពុងតែនៅម្តុំផ្លូវសុខហុក ក្នុងNetមួយកន្លែង ភ្លាមៗនោះដែរ គ្រាន់តែកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលចូលទៅ ជនសង្ស័យឈ្មោះ ញ្ញៀន ចាន់តារា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជាន់ទី១ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា កំពុងតែអង្គុយលេងក្នុងNetនោះឃើញភ្លាម ក៏រត់ចេញក្រៅទៅសំដៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋ នៅម្តុំនោះបង្កការភ្ញាក់ផ្អើល តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានយកទៅសួរនាំនៅប៉ុស្តិ៍អូរឫស្សី៤ ដោយសួរនាំដឹងរឿងទៅក៏បញ្ជូនជនសង្ស័យទៅកាន់ប៉ុស្តិ៍ផ្សារដេប៉ូ៣វិញដើម្បីធ្វើតាមនីតិវិធី ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ផ្សារដេប៉ូ៣ដើម្បីឲ្យសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖