ភ្នំពេញ៖ តុលាការនឹងបន្តការសាកសួរលោកផែង វណ្ណៈ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នេះ ពាក់ព័ន្ធបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងបរិហារកេរ្តិ៍ជាសាធារណៈ តាមបណ្តឹងមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា ថ្លែងថា រហូតមកទល់ល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ តុលាការសម្រេចឃាត់ខ្លួនលោក ផែង វណ្ណៈ ។
លោក សរសេរតាមបណ្ដាញសង្គម Telegram ថា “ក្រោយពីបានពិនិត្យសំណុំរឿងនិងការសាកសួរចម្លើយលើឈ្មោះ ផែង វណ្ណៈ រួចមក តំណាងអយ្យការបានសម្រេចឃាត់ខ្លួនបុគ្គលនេះហើយនឹងបន្តចំណាត់ការ”។
ដោយឡែក លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើសុំតុលាការ សម្រេចចោទប្រកាន់ និង ផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុតលើលោក ផែង វណ្ណៈ តាមបញ្ញត្តិក្រមព្រហ្មទណ្ឌនៃកម្ពុជា ។
លោកមេធាវី គី តិច ស្នើសុំធ្វើការពិនិត្យ សម្រេចឃាត់ខ្លួន ឬ ចាប់ខ្លួន និង ឃុំខ្លួនលោក ផែង វណ្ណៈ ជាបន្ទាន់ដើម្បីទប់ស្កាត់ការប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ ដែលអាចនាំឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។ នេះបើយោងតាមពាក្យបណ្តឹងព្រហ្មទណ្ឌ ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ។
បទល្មើសញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤និង៤៩៥នៃក្រមព្រហ្មទណ្ឌ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី៦ខែទៅ២ឆ្នាំ និង ពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល ។
បទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ កំណត់ផ្តន្ទាទោសពិន័យជាប្រាក់ពី១សែនរៀលទៅ១០លានរៀល ៕ ចេស្តា