ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ថា៖ ការចាក់ដីលុបដៃទន្លេបាសាក់ត្រង់ចន្លោះកោះពេជ្រ និងផ្សារអីអន ជាគម្រោងសាងសង់អាងចម្រោះទឹក សម្អុយរបស់ សាលារាជធានីភ្នំពេញពេលសាងសង់រួច យើងនិង កាយវិញហើយ មិនដូចពាក្យគេចោទនោះទេ

ចែករំលែក៖

ភ្នំពេញ ៖ នៅម៉ោង៧៖ ៣០នាទីយប់ ថ្ងៃទី០២ ខែមេសា ឆ្នាំ ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយលោក កើត ឆែ អភិបាលរង និងលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ បានចុះពិនិត្យស្ថានភាពការចាក់ដីលុបដៃទន្លេបាសាក់ បន្ទាប់ពីប៉ុន្មានថ្ងៃកន្លងមកនេះ មានការរិះគន់យ៉ាងខ្លាំងក្លា ពីអ្នក លេងបណ្តាញសង្គម ហ្វេសប៊ុក Facebook និងមជ្ឈដ្ឋានមួយចំនួនទៀត ដែលមិនទាន់បានជ្រាបច្បាស់ ចំពោះការចាក់ដីលុបប្រឡាយទន្លេបាសាក់នេះ ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ ក្រុមអ្នកយកព័ត៌មាន នៅទីតាំងកន្លែងចាក់ដីលុបនោះ លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ មិនមានបំណងលុបដៃទន្លេបាសាក់ ដូចការរិះគន់របស់អ្នកលេងបណ្តាញសង្គម Facebook និងសារព័ត៌មានមួយចំនួននោះឡើយ ។

លោកបន្ដថា ៖ ការចាក់ដីលុបនេះ គឺជាការសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ ដែលហូរចូលទន្លេប៉ុណ្ណោះ ដោយសារតែ ដៃទន្លេបាសាក់នេះ ទទួលរងនូវការបង្ហូរទឹកកខ្វក់ ទឹកស្អុយពីអាគារខ្ពស់ៗ និងផ្ទះប្រជាពលរដ្ឋរស់នៅ សងខាងដៃទន្លេនេះ ដូច្នេះដើម្បីការពារបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចធ្វើអាងចម្រោះទឹកស្អុយ ដោយបំពាក់នូវម៉ាស៊ីនបូមទឹកកខ្វក់នេះ ទម្លាក់ទៅប្រឡាយបង្ហូរទឹកបឹងត្របែក ។

លោកអភិបាលសង្កត់ធ្ងន់ថា៖ ការចាក់ដីនេះ គឺជាការសាងសង់អាងចម្រោះទឹកស្អុយ ដែលជាគម្រោងរបស់រដ្ឋបាលរាជធានី ភ្នំពេញ មិនមែនជាការចាក់លុបដីរបស់ឈ្មួញនោះទេ សូមប្រជាពលរដ្ឋកុំយល់ច្រឡំ ។

លោកបន្តថា ចំពោះការចាក់ដីលុបនេះ នៅពេលដែលការ ដ្ឋានសាងសង់ ស្ថាបនាអាងចម្រោះទឹកសម្អុយរួចរាល់នោះ នឹងកាយដីដែលបានចាក់នោះចេញវិញ ហើយគម្រោងនេះក៏មានសង់ច្រាំងទន្លេទប់ដី និងសង់ផ្លូវថ្មីជើងចាប់ពីកោះពេជ្ររហូតដល់ស្ពានអាកាសក្បាលថ្នាល់ ដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុងភ្នំពេញ ដែលមានអាគារសំណង់ខុនដូខ្ពស់ៗ នៅអមសងខាងដៃទន្លេផង ។


ចែករំលែក៖