ខេត្តកំពង់ធំ៖ យុវជនម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ក្រោយផឹកស្រាស្រវឹង ខឹងម្តាយមិនព្រមរៀបការប្រពន្ធឲ្យក្នុងឆ្នាំនេះដោយរង់ចាំឆ្នាំក្រោយក្រោមលេសថា ជើងលេខរៀបការឆ្នាំនេះមិនល្អ ។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះកើតឡើងកាលពីម៉ោង៦ព្រឹក ថ្ងៃពុធ ១៤រោច ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមេសាឆ្នាំ ២០១៩ នៅភូមិផ្ដៀក ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
សមត្ថកិច្ចនគរបាលស្រុកប្រាសាទបល្ល័ងបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ យឺ យ៉ាង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កសិក រស់នៅភូមិ-ឃ។កើតហេតខាងលើ ។
ប្រភពព័ត៌មានពីម្តាយបង្កើតរបស់សពបានប្រាប់សមត្ថកិច្ចជំនាញថា កន្លងមក កូនរបស់គាត់ធ្លាប់បានធ្វើអត្តឃាត ចងក រួចម្ដងមកហើយ តែត្រូវបានបងប្អូនក្នុងភូមិជួយទាន់ ហើយគាត់ក៏នាំទៅ ស្រោចទឹករំដោះគ្រោះចេញ នឹងបានដណ្ដឹងប្រពន្ធឲ្យហើយដែរ ។ វាបានសុំរៀបការប្រពន្ធក្នុងឆ្នាំនេះ តែគាត់មិនទាន់រៀបការឲ្យទេ ដោយរង់ចាំឆ្នាំក្រោយព្រោះជើងលេខមិនល្អ និងម្យ៉ាងមិនទាន់មានលុយកាក់ត្រៀមរៀបការផង ។ ចាប់ពីពេលនោះមកវាចេះតែរំអុកសុំរៀបការក្នុងឆ្នាំនេះ តែគាត់នៅតែមិនព្រមជាហេតុ ធ្វើឲ្យវាចេះតែមុខក្រៀមរហូតមក ។
ស្រ្តីជាម្តាយបានឲ្យដឹងទៀតថា លុះមកដល់ថ្ងៃទី២ ខែ មេសា ឆ្នាំ២០១៩ ក្មួយៗរបស់គាត់ ត្រឡប់ មកពីប្រទេសថៃ បាននាំគ្នាទិញស្រាយកមកផឹកហើយ កូនរបស់គាត់ម្នាក់នេះក៏បានចូលរួមផឹក និងគេដែរ។ រហូតដល់ម៉ោងប្រហែល ៩យប់ពួកគេមិនទាន់ឈប់ផឹកទៀត គាត់ក៏ឡើង លើផ្ទះដេកមុន លុះព្រឹកឡើងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩វេលាម៉ោងប្រហែល ៦ព្រឹក ស្រាប់ តែបងប្អូនក្នុងភូមិបានមកប្រាប់គាត់ថា កូនប្រុសគាត់ឈ្មោះ យឺ យ៉ាង បានចងក និងដើមស្វាយចន្ទីខាងត្បូងផ្ទះចម្ងាយប្រហែល១៥០ម៉ែត្រ ស្លាប់បាត់ទៅហើយ ដោយមិនដឹងថាស្លាប់តាំងពីពេលណាទេ។ ពេលឮ ដូច្នេះ គាត់និងបងប្អូនក្នុងភូមិឯទៀត បាននាំគ្នាទៅមើល ហើយក៏ស្រាយចំណងទម្លាក់សាកសព និងកាប់រំលំដើមចន្ទីនោះចោលយកសពមកផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
ចំណែកសមត្ថកិច្ចជំនាញក្រោយទទួលព័ត៌មាននេះភ្លាម បានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសព ឃើញមានស្នាមជាំជុំវិញក ចំនួន ១កន្លែង និងលានអណ្ដាតចេញមកក្រៅបន្តិច និងមានចេញទឹកថ្លា នៅចុងលឹង្គរបស់សព។ ក្រៅពីស្លាកស្នាមខាងលើ ពិនិត្យពុំឃើញមានអ្វីទៀតឡើយ ដូច្នេះសមត្ថកិច្ចជំនាញសន្និដ្ឋានបានថា ការស្លាប់នេះ ពិតជាស្លាប់ដោយសាធ្វើអត្តឃាត ចងកប្រាកដមែន ។មូលហេតុ ស្រវឹងស្រា ខឹងនឹងម្ដាយមិនរៀបការប្រពន្ធឲ្យឆ្នាំនេះ ។
សាកសពក្រោយធ្វើកោសល្យវិច័យរួចបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី