ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺសប្បាយប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់

ចែករំលែក៖

ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ មួយចំនួនបានបង្ហើបឲ្យដឹងថា លោក ឈាង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ និងនាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ស្ពឺ លោក ផល មុនី មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញធំៗដែលដឹកជញ្ជូនឈើឆ្លងកាត់ខេត្តកំពង់ស្ពឺ ចេញទៅប្រទេសយ៉ាងពេញបន្ទុកនោះទេ។ ផ្ទុយទៅវិញ មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺ បង្ក្រាបតែឈ្មួញតូចៗដែលចង់គេចវេះមិនបង់លុយតាមការកំណត់ ហើយទុកឲ្យឈ្មួញធំៗដឹកជញ្ជូនឈើពីខេត្ត ពោធិ៍សាត់ ឆ្លងកាត់ខេត្តកំពង់ស្ពឺ ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងខេត្តកំពត និងខេត្តតាកែវ យ៉ាងរលូន។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម ពិនិត្យមើលភាពអសកម្មនិង អំពើពុករលួយរបស់មេរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ និងមន្ត្រីក្រោមឱវាទខ្លះផង។

កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ និងមន្ត្រី រដ្ឋបាលព្រៃឈើស្រុកអង្គស្នួល បានសហការគ្នាបង្ក្រាបរថយន្តកូរ៉េ១គ្រឿងដែលដឹកឈើចេញពីទឹកដីខេត្តកំពង់ស្ពឺ ចូលទៅខេត្តកណ្ដាល ហើយអ្នកបើកបររថយន្តដឹកឈើអាចគេចខ្លួនស្រួលៗ។ តាមការអះអាងរបស់សមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា

រថយន្តប្រភេទកូរ៉េ ដឹកឈើមួយគ្រឿងដែលចង់គេចវេះមិនបង់លុយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើត្រូវបានបង្ក្រាបនៅចំណុចខាងត្បូងផ្សារអង្គ ព្រំប្រទល់ខេត្តកំពង់ស្ពឺ និង ខេត្តកណ្ដាល។ ប៉ុន្តែមន្ត្រីរដ្ឋបាលព្រៃឈើបង្ក្រាបបានតែរថយន្តនិងឈើជាវត្ថុតាង ប៉ុណ្ណោះ ក្នុងខណៈដែលអ្នកបើកបររថយន្តដឹកឈើអាចគេចខ្លួនស្រួលៗ ធ្វើឲ្យប្រជា ពលរដ្ឋគ្មានជំនឿលើមន្ត្រីរដ្ឋបាលព្រៃឈើក្នុងការបង្ក្រាបបទល្មើសនោះទេ ។

បើតាមការកត់សម្គាល់របស់មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា លោក ផល មុនី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តនេះបានចាត់ទុកបទល្មើសព្រៃឈើជាប្រភពចំណូលដ៏សំខាន់របស់ពួកគេ។មន្ត្រីអង្គការក្រៅ រដ្ឋាភិបាល បានលើកឡើងទៀតថា ឈ្មួញធំៗដែលបង់លុយតាមការកំណត់របស់លោក ឈាង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ និងមេរដ្ឋបាលព្រៃឈើខេត្តកំពង់ ស្ពឺ អាចដឹកឈើឆ្លងកាត់ខេត្តកំពង់ស្ពឺ ចេញទៅប្រទេសវៀតណាមយ៉ាងរលូន ។ ទន្ទឹម នឹងនេះករណីរោងម៉ាស៊ីនអារឈើកើតឡើងយ៉ាងរាលដាលក្នុងស្រុកបសេដ្ឋ ខេត្ត កំពង់ស្ពឺ ក៏មានការឃុបឃិតបើកដៃពីសំណាក់លោក ឈាង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ និងមេរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ ផងដែរ។ ដូច្នេះលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើមិនគួរបណ្ដែតបណ្ដោយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ស្ពឺ ធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតទេព្រោះបច្ចុប្បន្នរោងសិប្បកម្មអារឈើក្នុងស្រុកបសេដ្ឋ និងស្រុកថ្ពងកំពុងកើតឡើង យ៉ាងរាលដាលហើយឈ្មួញធំៗអាចដឹកជញ្ជូនឈើឆ្លងកាត់ខេត្តកំពង់ស្ពឺដោយគ្មានញញើតអ្វីទាំងអស់ ៕


ចែករំលែក៖