ខេត្តពោធិ៍សាត់៖ កម្មករលក់ដូរមួយកន្លែង បានរងនូវផ្លែដាវសាមូរ៉ៃ ហូរឈាមជោក ដែលបង្កឡើងដោយជន ២នាក់ពាក់មួកសុវត្ថិភាព ជិះម៉ូតូ ១គ្រឿង មកកាប់ឆៅៗ រួចគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃព្រហស្បត្តិ៍ ១៥រោច ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលក់ដូរមួយកន្លែងរបស់ឈ្មោះ ស៊ុន ឡាយ ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិកោះស្វាយ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍នគរបាលស្រុកបាកានបានឲ្យដឹងថា ជនរងរបួសឈ្មោះ ជា ចន្ថា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បច្ចប្បន្ន កម្មករលក់ដូរ (កន្លែងកើតហេតុ) បានរងរបួសក្បាលចំនួន ២កន្លែង ក្បែរត្រចៀក និងលើក្បាល (ធ្ងន់) ។
របាយការណ៍ខាងលើបន្តថា មុនកើតហេតុ គេឃើញជនពាក់មួកសុវត្ថិភាពចំនួន ២នាក់ ជិះម៉ូតូ ១គ្រឿងម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ មកឈប់ខាងមុខរួច ចុះដើរមកកាប់ឆៅៗ ដោយដាវសាមូរ៉ៃ រួចនាំគ្នាឡើងជិះម៉ូតូបើកគេចខ្លួនបាត់ ដោយជនរងរបួសហូរឈាមស្រោចខ្លួន ត្រូវបានគេបញ្ជូនសង្រ្គោះភ្លាមៗផងដែរ ។
របាយការណ៍ដដែលបន្តទៀតថា ករណីនេះគេឃើញសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ សហការចុះពិនិត្យ និងស្រាវជ្រាវអំពីមូលហេតុ ហើយសង្ស័យអាចជារឿងគំនុំ ៕ ប៉ឹម ពិន