រយៈពេល៧០ឆ្នាំទៅហើយ ណាតូបានរួមរស់សាមគ្គីគ្នាយ៉ាងល្អបំផុត ក្នុងការប្រឆាំង សូវៀត នាសម័យសង្គ្រាមត្រជាក់ ។ តាំងពីដើមមក អាមេរិក រ៉ាប់រងការចំណាយច្រើន ទៅលើអង្គការមួយនេះ ដោយសារតែអង្គការនេះ បានបម្រើដល់ផលប្រយោជន៍ និងគោលនយោបាយអាមេរិកច្រើនជាងគេ ។
អង្គការ ណាតូបានបង្កើតឡើងនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ១៩៤៩ ដោយពេលដំបូង មានប្រទេសជាសមាជិក១២ប្រទេស ។ ការបង្កើតឡើងនោះ ក្នុងគោលដៅប្រឆាំងនឹងសហភាពសូវៀតនៅក្នុងសង្គ្រាមត្រជាក់។ ប៉ុន្តែក្រោយរយៈពេល៧០ឆ្នាំ ពិភពលោកមានការផ្លាស់ប្តូរជាទ្រង់ទ្រាយធំ ប៉ុន្តែអង្គការនេះ នៅតែចាត់ទុករុស្ស៊ីគឺជាការគំរាមកំហែងដដែល ដើម្បីរក្សាសម្ព័ន្ធយោធានេះកាន់តែមានប្រសិទ្ធភាព។
វិវាទកាន់តែតានតឹង នៅក្នុងអង្គការណាតូ ពិសេសគឺអាមេរិក និងសម្ពន្ធមិត្តសំខាន់ៗ នៅក្នុងអង្គការណាតូ ប្រឈមនឹងវិវាទជាទ្រង់ទ្រាយធំ ក្នុងឱកាសនៃខួបគម្រប់ ៧០ឆ្នាំ។
នៅក្នុងឱកាសខួបថ្ងៃបង្កើតណាតូ នៅថ្ងៃទី៤ ខែមេសា គឺជាពេលវេលា ដើម្បីសម្ពន្ធមិត្ត យោធា ណាតូ បង្ហាញពីសាមគ្គីភាព នៅក្នុងក្រុម ។ ប៉ុន្តែនៅក្នុងឱកាសខួបគម្រប់៧០ឆ្នាំ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ ណាតូមានចំណុចមិនចុះសម្រុងគ្នាជាច្រើន បង្កក្តីបារម្ភយ៉ាងខ្លាំងពីការបែកបាក់ អាចឈានដល់ការរំសាយអង្គការមួយនេះ ។
នៅក្នុងឱកាសខួប៧០ឆ្នាំ អគ្គលេខាធិការណាតូលោក Jens Stoltenberg បានបញ្ជាក់ថា បច្ចុប្បន្នណាតូមិនចង់ឲ្យមានសង្គ្រាមត្រជាក់ជាថ្មីនោះឡើយ ប៉ុន្តែ រុស្ស៊ីបានជំរុញឲ្យពិភពលោក ធ្លាក់ក្នុងតំណាក់កាល មិនមានសុវត្ថិភាព។ ជាក់ស្តែងគឺ សន្ធិសញ្ញា បរមាណូ អស់ប្រសិទ្ធភាព ដោយរុស្ស៊ីផលិតអាវុធជាច្រើន គំរាមកំហែងដល់ប្រទេសជិតខាង។
តាំងពីដើមមក ណាតូមានការសាមគ្គីគ្នាយ៉ាងល្អ ប៉ុន្តែក្រោយពេល លោកត្រាំ ឡើងកាន់អំណាច ដឹកនាំអាមេរិក លោកបានអនុវត្តគោលនយោបាយ អាមេរិកជាដំបូង និងកាត់បន្ថយការចំណាយផ្សេងៗជាច្រើន ក្នុងនោះមានទាំងអង្គការណាតូផងដែរ ។ នៅក្នុងជំនួបនាខួប៧០ឆ្នាំ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានរិះគន់ប្រទេសអាល្លឺម៉ង់ មិនបានចំណាយប្រាក់ គ្រប់គ្រាន់សម្រាប់ណាតូ និងថ្កោលទោសដល់ប្រទេសទួកគី ដែលទិញប្រព័ន្ធមីស៊ីលពីរុស្ស៊ីជាដើម ។ ទាំងនោះហើយ បានធ្វើឲ្យណាតូ កាន់តែបែកបាក់ ដោយសារតែអាមេរិកបង្ខំឲ្យចំណាយប្រាក់ ច្រើនជាងនេះសម្រាប់ណាតូ៕