ព័ត៌មានទាន់ហេតុការណ៍៖

ចម្ការប្រេងខ្យល់ ប្រមាណ១០ហិចតា របស់ឧកញ៉ា លី ប៉ោយូ ត្រូវអគ្គិភ័យឆាបឆេះ មិនដឹងមូលហេតុ នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពីសំណាក់អ្នកធ្វើដំណើរ និងអ្នកភូមិនាំគ្នាចោមរោមមើល និងស្រែកហៅគ្នីគ្នាជួយពន្លត់ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ខណៈមានភ្លើងឆេះចេញពីចម្ការប្រេងខ្យល់យ៉ាងសន្ធោរសន្ធៅ កាលពីវេលាម៉ោងប្រមាណ១២ និង៣០នាទី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ដោយមិនទាន់ដឹងមូលហេតុ ។

យោងតាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុ គេឃើញមានផ្សែងចេញពីចម្ការ ប្រេងខ្យល់ ដែលគេស្គាល់ថា ជារបស់ឧកញ៉ា លី ប៉ោយូ ក្រោយមក មានអណ្ដាតភ្លើងឆាប់ឆេះ លាយ និងខ្យល់ បក់បោកកាន់តែខ្លាំងឡើង ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាយកមែកឈើវាយពន្លត់ និងមិនអាចទប់ស្កាត់បាន ពីព្រោះរដូវនេះ ជារដូវក្តៅ ស្មៅ និងស្លឹកឈើងាប់ៗច្រើន ធ្វើឲ្យអគ្គិភ័យ ឆេះយ៉ាងសន្ធោរសន្ធៅ រហូតដល់រសៀលថ្ងៃដដែលនេះ មិនទាន់រលត់នោះទេ ខណៈឃើញមានសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ផងដែរ ។

សូមបញ្ជាក់ថា ចម្ការដើមប្រេងខ្យល់ ដែលឆេះនេះ ប្រមាណ៧ហិចតា ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ដែលមានម្ចាស់ឧកញ៉ា លី ប៉ោយូថៅកែកាស៊ីណូពិភពថ្មីក្រុងបាវិត ៕ យឹម សុថាន


ចែករំលែក៖