ព័ត៌មានទាន់ហេតុការណ៍៖

គយខេត្តកំពង់ចាមចាប់រថយន្តដឹកពូកទារលុយ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ រថយន្តមួយគ្រឿងមានដឹកពូកពេញហៀរហូរ លុះបើកមកដល់ត្រង់ចំណុចមុខសាខាគយនិងរដ្ឋាករខេត្ត ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ត្រូវបានកម្លាំងគយឃាត់ទុកតាំងពីយប់ថ្ងៃទី៣ រហូតមកដល់ព្រឹកថ្ងៃទី៤ មេសា ឆ្នាំ២០១៩ ដោយសារតែមិនត្រូវតំលៃគ្នា ហើយរហូតមកដល់ពេលល្ងាចថ្ងៃ ទី៤ មេសា ក៏បាត់រថយន្តនោះ សង្ស័យតែចចារត្រូវតំលៃគ្នាហើយ ទើបរថយន្តនោះបើកចេញទៅបាត់។

តាមប្រភពពីម្ចាស់រថយន្តដឹកពូកបានប្រាប់ឲ្យដឹងថា ពួកគាត់មានគ្នាចំនួន៤នាក់បានធ្វើដំណើរចេញពីខេត្តកំពង់ធំដោយមានដឹកពូកប្រមាណចំនួន២៥០ពូក ហើយបើកបររថយន្តតាមផ្លូវជាតិលេខ៧ លុះមកដល់ត្រង់ចំណុចមុខសាខាគយ និងរដ្ឋាករខេត្តកំពង់ចាម ត្រូវបានកម្លាំងគយហៅឲ្យឈប់អែបខាង និងតម្រូវឲ្យគាត់បង់ប្រាក់ចំនួន១លានរៀល ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត ។

តាមប្រភពដដែលបានប្រាប់បន្តថា ការឃាត់រថយន្តរបស់គាត់បានធ្វើឡើងកាលពីយប់ថ្ងៃទី៣ មេសា រហូតមកដល់ព្រឹកថ្ងៃទី៤ មេសា គាត់ក៏យល់ព្រមបង់ប្រាក់ចំនួន២០ម៉ឺនរៀល តែមិនដឹងថាកម្លាំងគយខេត្តយល់ព្រមដែរឬយ៉ាងណានោះទេ ។ កន្លងមកគាត់បានដឹកពូកចេញពីខេត្តកំពង់ធំមកដាក់ឲ្យម៉ូយ នៅក្នុងស្រុកអូររាំងឪបានប្រមាណជា១០ជើងមកហើយ ក្នុងនោះពូក១ គាត់ទទួលបានកម្រៃចំនួន៥០០០រៀល ហើយក្នុងមួយជើងអាចដឹកបានចំនួន២៥០ពូក រាល់ការចំណាយផ្សេងៗបង់តាមផ្លូវ គឺគាត់(ម្ចាស់រថយន្ត)ជាអ្នកចំណាយទាំងអស់ ក្នុងចន្លោះពី៣០ទៅ៤០ម៉ឺនរៀល ហើយរាល់លើកគយខេត្តកំពង់ចាមយកតែ៥ម៉ឺនរៀលទេ តែមកដល់លើកចុងក្រោយនេះបែរជាឲ្យបង់១លានរៀលទៅវិញ បើបង់បែបនេះ គាត់អស់ចំណេញ ណាមួយគាត់ត្រូវចំណាយទៅលើកម្មករលើដាក់ និងថ្លៃប្រេងរថយន្តជាដើម ។

ទាក់ទិននឹងករណីខាងលើ នាព្រឹកថ្ងៃទី៥ មេសា ២០១៩ ភ្នាក់ងារយើងបានព្យាយាមទូរស័ព្ទសុំការបំភ្លឺពីលោក ប្រាក់ ចាន់ធី នាយកសាខាគយ និងរដ្ឋាករខេត្ត ដោយទូរស័ព្ទចុចចូលជាច្រើនលើក មិនមានអ្នកលើកនិយាយ ហើយចុងក្រោយពេលទូរស័ព្ទចូល មិនឮនិយាយឡើយ។

តាមប្រភពពីមន្ត្រីគយម្នាក់បានប្រាប់ថា លោកប្រធានសាខាគយខេត្ត មិនសូវនៅកន្លែងនោះទេដោយគាត់បានចុះទៅបំពេញការងារតាមមូលដ្ឋានឆ្ងាយៗ៕ ហេង សូរិយា


ចែករំលែក៖