ភ្នំពេញ៖ តារាកំប្លែងនាយគ្រឿន បានប្រកាសបញ្ចេញស្នាដៃដឹកនាំភាពយន្តខ្នាតធំបែបកំប្លែងទី៥របស់ខ្លួនហើយគឺរឿង ជួបស៊យ២ បន្ទាប់ពីរឿង ជួបស៊យ វគ្គ១ទទួលបានការគាំទ្រច្រើនលើសលប់នោះ ។ ការប្រកាសនេះធ្វើឡើងកាលពីយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ នៅផ្សារទំនើបអ៊ីអន២ សែនសុខ ក្រោមការ ចូលរួមពីសំណាក់សិល្បករផលិតករជាច្រើនរូប ។
តារាកំប្លែង នាយ គ្រឿន ដែលវិវឌ្ឍន៍ខ្លួនជាអ្នកដឹកនាំផលិតភាពយន្ត បានលើកឡើងថា ស្នាដៃទី១ដែលលោកដឹកនាំសម្តែងគឺរឿងជួបស៊យ វគ្គ១ ហើយស្នាដៃទី៥ចុងក្រោយនេះក៏ជារឿងជួបសយ២ ។ លោកថាភាពយន្តនេះបើរាបើថ្ងៃផលិតប្រមាណ២សប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែទម្រាំបានជួបជុំសិល្បករ និងការកាត់តផ្សេងៗប្រមាណពី៥ទៅ៦ខែមកហើយ ។
លោកបញ្ជាក់ថារឿងនេះនៅតែជារឿងកំប្លែង ប៉ុន្តែមានឈុតឆាក និងរសជាតិថ្មីមួយបែបដែលលោករំពឹងថាទស្សនិកជននឹងពេញចិត្ត មិនចាញ់រឿងវគ្គ១នោះទេ ។ ទោះជាយ៉ាងណាលោកនៅតែរងចាំអ៊ុតមើលសន្ទុះនៃការគាំទ្ររបស់ទស្សនិកជនបន្តផងដែរថាមានកម្រិតណា ហើយលោក នឹងគ្រោងចេញផលិតស្នាដៃថ្មីក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ ។
គួរបញ្ជាក់ផងដែរថា រឿងជួបស៊យ២ នឹងត្រូវធ្វើការដាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី១១ខែមេសាឆ្នាំ២០១៩នេះតទៅនៅគ្រប់រោងភាពយន្តទំនើបនៅកម្ពុជា ។ ក្រៅពីការប្រកាសបន្ថែមទុន គុណភាពនៃការផលិតក៏កាន់តែខ្ពស់ជាងរឿងវគ្គមុន ស្របពេលដែលតួសម្តែងត្រូវបានគេដឹងដែរថាសុទ្ធសឹងជាតារាសម្តែង តារាកំប្លែងល្បីឈ្មោះនៅកម្ពុជាដូចជានាយគ្រឿន Dj កាកា លោក ងួន សុបិន្ត កញ្ញា គាត សុវណ្ណាឡាង លោក ទេព រិន្ទដារ៉ូ អ្នកនាង ប៉ែន សុផានី និងតារាប្រុសស្រីល្បីឈ្មោះជាច្រើនទៀតផងដែរ៕ វឌ្ឍនា