ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញា បាន ស្រីនាងបានរៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំ លើកដំបូង ដែលមានវត្តមានអ្នកសិល្បៈចូលរួមខ្ទង់រយនាក់ ។ ខួបកំណើតគម្រប់២០ឆ្នាំ របស់តារាស្រីរូបនេះថា ដើម្បីជួបជុំមិត្តភ័ក្កិរួមអាជីព ហើយក៏មិនធ្វើទ្រង់ទ្រាយធំបន្តសម្រាប់ឆ្នាំបន្ទាប់ៗនោះទេ ។
ខួបកំណើតរបស់តារាស្រីរូបនេះត្រូវបានរៀបចំឡើងកាលពីរាត្រីថ្ងៃទី០៥ខែមេសានេះនៅហាង Route 57 Pub /Eatery ក្រោមវត្តមានសិល្បករ ផលិតករជាច្រើនចូលរួម ។ តារាស្រីវ័យ២០ឆ្នាំរូបនេះ បញ្ជាក់ថា នេះគឺជាលើកទី១ ដែលនាងរៀបចំពិធីខួបកំណើត ខណៈកន្លងទៅ នាងបានរៀបចំទ្រង់ទ្រាយតូចជាលក្ខណៈគ្រួសារ និងមិត្តភ័ក្កិតិចតួចប៉ុណ្ណោះ ។
នាងបញ្ជាក់ថាវាគឺជាឱកាសជួបជុំសិល្បករជាមិត្តរួមអាជីព ជាលើកទីមួយហើយនាងនឹងមិនមានគម្រោងរៀបចំធ្វើទ្រង់ទ្រាយបែបនេះនៅឆ្នាំបន្តបន្ទាប់ទៀតនោះទេ ។
ស្រីនាង បញ្ជាក់ដែរថា នាងត្រៀមចំណាយខ្ទង់ប្រមាណជាង២ពាន់ដុល្លារអាមេរិក សម្រាប់បង្កើតកម្មវិធីជួបជុំភ្ញៀវប្រមាណ១៥០នាក់នេះ ។ នាងថាក៏ជាឱកាសអរគុណសម្រាប់ទឹកចិត្តស្រឡាញ់រាប់អាន និងផ្តល់ឱកាសពីផលិតករទាំងអស់ផងដែរ ។
ទោះបីជាថ្ងៃពិសេសមែន ប៉ុន្តែតារាស្រីរូបនេះមិនទទួលបានការជួយជ្រោមជ្រែងរៀបចំពិធីនេះ និងមានកាដូពិសេសណាមួយដែរ ។ នាងថា មិនមានសង្សារអ្វីនោះទេទើបមិនមានកាដូពិសេសណាមួយ ប៉ុន្តែនាងបានចាត់ទុកការស្រឡាញ់រាប់អាន និងវត្តមានចូលរួមរបស់មិត្តរួមអាជីពគឺជាកាដូដ៏ល្អមិនអាចកាត់ថ្លៃបាន ។
តារាស្រីវ័យក្មេងរូបនេះរំពឹងដែរថាក្រោយរៀបចំកម្មវិធីខួបកំណើតរួច និងក្រោយពិធីចូលឆ្នាំថ្មីការងារសិល្បៈរបស់នាងនឹងកាន់តែរីកចម្រើនជាងនេះផងដែរ ។ អ្វីដែលនាងប្រាថ្នាសម្រាប់ឱកាសខួបកំណើតលើកនេះគឺសូមឲ្យក្រុមគ្រួសារនាងទាំងមូល និងមិត្តភ័ក្កិអ្នកគាំទ្រនាងមានសេចក្តីសុខ សុភមង្គល និងសុំជួបមនុស្សល្អៗក្នុងជីវិត៕ វឌ្ឍនា