ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាទ្រង់ទ្រាយធំនៅអំឡុងខែឧសភា

ចែករំលែក៖

ខេត្តកំពត ៖ ប្រសិនបើគ្មានការប្រែប្រួល ទេកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ ដែលមានឈ្មោះថា «ហនុមានមាសឆ្នាំ២០១៩» នាអំឡុង ខែឧសភា ឆ្នាំ២០១៩ ។ សមយុទ្ធនេះនឹងប្រើប្រាស់អាវុធធុនធ្ងន់ BM21 និងប្រភេទអូសសណ្តោងរាប់សិបគ្រឿងផងដែរ ។

យោងតាមមន្ត្រីយោធានៃក្រសួងការពារជាតិមួយរូបដែលសុំមិនឲ្យបញ្ចេញឈ្មោះ បានថ្លែងថា កងយោធពលខេមរភូមិន្ទនឹងធ្វើលំហាត់សមយុទ្ធបាញ់គ្រាប់ពិត ដែលមានឈ្មោះថា «ហនុមានមាសឆ្នាំ ២០១៩» ដែលនឹងប្រព្រឹត្តទៅនាខែឧសភា ខាងមុខនេះ ដោយប្រើប្រាស់អាវុធធុនធ្ងន់ ដូចជា BM21 និងអាវុធធុនធ្ងន់ប្រភេទ អូសសណ្តោង ជាច្រើនគ្រឿងទៀត ។

ប្រភពបានឲ្យដឹងទៀតថាសមយុទ្ធនេះ នឹងធ្វើឡើងនៅទីតាំងភូមិត្រពាំងវែង ឃុំ ត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពតដោយមាន កម្លាំងកងទ័ពមកពីកងយោធពលខេមរភូមិន្ទ ហើយធ្វើជាប្រធានគណៈកម្មការគឺ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ រងកងទ័ពជើងគោកនិងជាមេបញ្ជាការកងពលតូចលេខ៧០ ។

លំហាត់នេះគឺបានធ្វើឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែសម្រាប់ឆ្នាំនេះគឺក្រុមការងារ បានធ្វើធំជាងមុន ដោយមានអាវុធប្រភេទ BM21 រាប់សិបគ្រឿងនិងអាវុធអូស សណ្តោងរាប់សិបគ្រឿងគឺមានប្រភេទ១៥២មិល្លិម៉ែត្រ, ១២០មិល្លិម៉ែត្រ, និង១២២ D30A ជាដើម ។

ប្រភពដដែល បានបញ្ជាក់ទៀតថា ការ ធ្វើសមយុទ្ធនេះ គឺមានគោលបំណងចង់ត្រួតពិនិត្យអំពីសមត្ថភាពការយល់ដឹងអំពីជំនាញរបស់មេបញ្ជាការគ្រប់ថ្នាក់ហើយសមត្ថភាពការយល់ដឹងអំពីកងយោធពលខេមរភូមិន្ទយើង គ្រប់បណ្តាលអង្គភាពក្នុងកិច្ចការងារ ការពារបូរណភាពទឹកដីនិងការបង្កើនសមត្ថភាព បន្ថែមទៀតដល់កងទ័ពកងយោធពលខេមរភូមិន្ទផងដែរ ៕ ហេង សូរិយា


ចែករំលែក៖