តើឥណ្ឌានិងប៉ាគីស្ថានចាំបាច់ត្រូវតែផ្ទុះសង្គ្រាមនឹងគ្នា ដើម្បីដោះស្រាយបញ្ហាឬ? នៅពេលនេះរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានប្រកាសថា តាមប្រភពព័ត៌មានចារកិច្ចដែលគួរឲ្យទុកចិត្តបំផុតរបស់រដ្ឋាភិបាលទីក្រុងអ៊ិស្លាម៉ាបាដបានបញ្ជាក់ថា កម្លាំង ទាហានឥណ្ឌាបានត្រៀមលក្ខណៈវាយ ប្រហារប៉ាគីស្ថាន ក្នុងរយៈពេល២សប្តាហ៍ ខាងមុខ ។
តាមប្រភពចារកម្មបានឲ្យដឹងថា ឥណ្ឌា អាចនឹងវាយប្រហារទៅលើប្រទេសប៉ាគីស្ថានក្នុងអំឡុង ពីថ្ងៃទី១៦-២០ខែមេសា ខាងមុខ ។ មន្ត្រីប៉ាគីស្ថាន បានផ្តល់ព័ត៌មាន ខាងលើ ជាមួយសមាជិកអចិន្ត្រៃយ៍អង្គការ សហប្រជាជាតិ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតស្តីពីគម្រោងវាយប្រហារ ទៅលើ ប៉ាគីស្ថានពីសំណាក់កម្លាំងទាហានឥណ្ឌានោះទេ ។
នៅពេលនេះដែរប៉ាគីស្ថានបានកោះហៅមន្ត្រីស្ថានទូតឥណ្ឌាដើម្បីប្រឆាំងពី គម្រោងវាយប្រហារខាងលើ ។ រាល់ការ សម្រេចវាយប្រហារណាមួយនឹងធ្វើឲ្យ ប្រទេសទាំងពីរធ្លាក់ក្នុងដំណាក់កាលតានតឹងបំផុត ។
ទាកទិននឹងបញ្ហានេះដែររដ្ឋាភិបាលទីក្រុងញូវដេលី មិនទាន់មានប្រតិកម្មអ្វីជុំវិញ ព័ត៌មានខាងលើនៅឡើយទេ ។ ភាពតាន តឹងរវាងឥណ្ឌានឹងប៉ាគីស្ថាន ចាប់ផ្តើមឡើង នៅថ្ងៃទី១៤ខែកុម្ភៈ នៅពេលដែលក្រុម ឧទ្ទាម Jaish e Mohammad ដែលលាក់ ខ្លួននៅក្នុងប្រទេសប៉ាគីស្ថាន បានបំផ្ទុះគ្រាប់បែកអត្តឃាតសមា្លប់ទាហានឥណ្ឌា៤០នាក់ ។
នៅពេលនេះប្រទេសទាំងពីរ បានបង្កើនកម្លាំងទាហាននិងសព្វាវុធជាច្រើននៅព្រំ ដែន ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា បច្ចុប្បន្នប៉ាគីស្ថានបាន បញ្ជូនយន្តហោះ ចម្បាំង២៥គ្រឿងទៅកៀកព្រំដែន ។ ចំណែកឥណ្ឌាវិញក៏បានបង្កើនកម្លាំងទាហាន សព្វា វុធជាច្រើន ទាំងកម្លាំងទាហានជើង ទឹក ជើងគោក និងជើងអាកាសនៅព្រំដែន កាស្មៀរជាប់ប៉ាគីស្ថាន ។
បច្ចុប្បន្ន ឥណ្ឌានិង ប៉ាគីស្ថាន ប្រឈម មុខដាក់គ្នាដោយយោធា នៅតាមបណ្តោយ ព្រំដែនកាស្មៀរ ដោយភាគីទាំងពីរបានបាញ់ទម្លាក់យន្តហោះគ្នាទៅវិញទៅមកដោយប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំង ឥណ្ឌាពីរគ្រឿង ហើយឥណ្ឌាវិញក៏បាន បាញ់ទម្លាក់យន្តហោះចម្បាំងប៉ាគីស្ថាន មួយគ្រឿង និងបានបំផ្លាញទីតាំងក្រុមឧទ្ទាមផងដែរ ។ សកម្មភាពវាយប្រហារនោះ បណ្តាលឲ្យមានទាហាន និងពលរដ្ឋស្លាប់ ជាច្រើននាក់ ។
ការប៉ះទង្គិចដោយយោធាខាងលើគឺជាទ្រង់ទ្រាយធំបំផុតរវាងឥណ្ឌានឹងប៉ាគី ស្ថានដែលមិនធ្លាប់មានពីមុនមក ។ សហគមន៍អន្តរជាតិ ដែលមានអង្គការ សហប្រជាជាតិអាមេរិក អឺរ៉ុប បានអំពាវនាវដល់ប្រទេសទាំងពីររក្សាការអត់ធ្មត់បញ្ចៀសសង្គ្រាម ជាទ្រង់ទ្រាយធំកើតឡើង ។ ប្រទេសនៅក្នុងតំបន់អាស៊ី បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ប្រសិនបើប្រទេសទាំងពីរផ្ទុះសង្គ្រាមនឹងគ្នានោះអាចធ្វើឲ្យតំបន់ទាំងមូលធ្លាក់ ក្នុងភាពចាលចលមានវិបត្តិ ជាទ្រង់ទ្រាយធំកើតឡើងនៅក្នុងតំបន់អាស៊ី ។
តើប្រទេសណាមួយជាអ្នកឈ្នះបើ សង្គ្រាមកើតឡើងនោះ? អាចនិយាយបានថា ឥណ្ឌាជាអ្នកឈ្នះបើប្រៀបធៀបទៅ នឹងកម្លាំងយោធា ប៉ុន្តែប្រទេសទាំងពីរគឺមានបរមាណូដូចគ្នា ហើយបើប្រើប្រាស់បរមាណូនោះ គឺមិនអាចប្រាកដមានអ្នកឈ្នះនោះឡើយ គឺបរាជ័យទាំងពីរ ។
សារព័ត៌មាន Times of India បាន ស្រាវជ្រាវនិងប្រៀបធៀបពីកម្លាំងទាហានឥណ្ឌា និងប៉ាគីស្ថាន ក្នុងពេលដែលប្រទេសទាំងពីរកំពុងប្រឈមុខតានតឹងដាក់គ្នា ដោយយោធា ។ ឥណ្ឌាជាប្រទេសដែល មានប្រាក់ចំណាយទៅលើយោធាច្រើនជាងប៉ាគីស្ថាន ដោយនៅក្នុងឆ្នាំ២០១៨ឥណ្ឌាបានចំណាយរហូតដល់ទៅ៥៨ពាន់លានដុល្លារ គឺច្រើនជាងប៉ាគីស្ថានដល់ទៅ៥ដង ដោយប៉ាគីស្ថានមានតែ១១ពាន់លាន ដុល្លារតែប៉ុណ្ណោះ ។
ក្នុងពេលដែលប្រទេសទាំងពីរប្រឈមមុខដាក់គ្នា សារព័ត៌មានឥណ្ឌា Times of India កាលពីថ្ងៃទី២៧ខែកុម្ភៈបានធ្វើការប្រៀបធៀបរវាងកម្លាំងទាហាននៃប្រទេសទាំងពីរ ។ តាមរបាយការណ៍បង្ហាញឲ្យឃើញថាកម្លាំងទាហានឥណ្ឌាមានប្រៀបទៅលើប៉ាគីស្ថាន លើគ្រប់វិស័យ ទាំងប្រាក់ចំណាយសម្រាប់ការពារជាតិ ចំនួនទាហាននិងសព្វា វុធ ។
មូលនិធិការពារជាតិឥណ្ឌាមាន៥៨ពាន់លានដុល្លារ ចំណែកប៉ាគីស្ថានមានតែ ១១ពាន់លានដុល្លារប៉ុណ្ណោះ ។
កម្លាំងទាហានជើងគោកឥណ្ឌាមាន ដល់ទៅ១លាន២សែននាក់ ចំណែកប៉ាគីស្ថានវិញមានតែ៥៦០ពាន់នាក់ប៉ុណ្ណោះ ។ អំពីអាវុធ ឥណ្ឌាមានមីស៊ីល បាញ់ឆ្ងាយបំផុត គឺ Agni-5 ដែលអាចបាញ់បានចម្ងាយដល់ទៅ ៥០០០គីឡូម៉ែត្រ ។ ចំណែកប៉ាគីស្ថានមានមីស៊ីលShaheenបាញ់បានចម្ងាយតែ២ពាន់គីឡូម៉ែត្រប៉ុណ្ណោះ ។ ចំណែកក្បាលគ្រប់បរមាណូ ឥណ្ឌាមានរហូតដល់១៥០គ្រាប់ ចំណែកប៉ាគីស្ថានមាន ១៤០គ្រាប់ ។
ចំនួនរថពាសដែកដឹកទាហានរបស់ ឥណ្ឌាមាន៣៣៦គ្រឿង រថក្រោះ៣.៥៦៥ គ្រឿង និងកាំភ្លើងធំ៩.៧១៤ដើម ។ ចំណែកប៉ាគីស្ថានវិញ មានរថពាសដែក ១.៦០៥ គ្រឿង រថក្រោះ.៤៩៦គ្រឿង និងកាំភ្លើងធំ ៤.៤៧២ដើម ។
អំពីយន្តហោះចម្បាំងឥណ្ឌាមាន៨១៤គ្រឿង ប៉ាគីស្ថានមាន៤២៥គ្រឿង ។ ជាមួយគ្នានេះឥណ្ឌាបានខិតខំអភិវឌ្ឍនធ្វើឲ្យទំនើបកម្មនូវក្រុមយន្តហោះចម្បាំងចាស់ៗ ។ ចំណែកប៉ាគីស្ថានក៏ដូចគ្នានោះដែរ ។
អំពីកម្លាំងទាហានជើងទឹក៖ ឥណ្ឌា មានកម្លាំងទាហានជើងទឹកជាច្រើនដោយឥណ្ឌា មានព្រំដែនសមុទ្រវែងធំ ។ ចំណែកប៉ាគីស្ថានវិញមានដែនសមុទ្រតិចដែលជាហេតុធ្វើឲ្យប្រទេសនេះមិនផ្តោតសំខាន់ទៅលើទាហានជើងទឹកឡើយ ។
ការប្រៀបធៀបខាងលើបង្ហាញឲ្យឃើញ ថា ប្រសិនបើសង្គ្រាមជាទ្រង់ទ្រាយធំកើតឡើងរវាង ឥណ្ឌានឹងប៉ាគីស្ថាន ឥណ្ឌានឹងមានសង្ឃឹមយកឈ្នះ ទំាងស្រុងទៅលើប៉ាគី ស្ថាន ៕ ធី រីណា