បាត់ដំបង៖ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយនិវត្តជន ជាមន្រ្តីរាជការស៊ីវិល សមាជិកសមាជគមអតីតយុទ្ធជនជាជនមានពិការភាពក្នុងក្រុងបាត់ដំបង និងមន្រ្តីនគរបាលចូលនិវត្តន៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
យោងតាមរបាយការណ៍ប្រធានក្រុមចលនានិវត្តជន និងអតីតយុទ្ធជនខេត្តបាត់ដំបង គិតត្រឹមបច្ចុប្បន្ននេះ ខេត្តបាត់ដំបងមាននិវត្តជន៣៣២០នាក់ ជនបាត់បងសម្បទាវិជ្ជាជីវៈ១០៥នាក់ អតីតយុទ្ធជន១១៧៦០នាក់។ រយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល មន្ទីរសង្គមកិច្ចខេត្តបាត់ដំបងបានបើកប្រាក់ជូបពួកគាត់តាមប្រព័ន្ធធនាគារ១ខែ២លើក ហើយក្រុមចលនាបានចុះសួរសុខទុក្ខពួកគាត់ជាបន្តបន្ទាប់។
បន្ទាប់មកក្នុងឱកាសប្រកបដោយភាពស្និតស្នាលនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញមានមតិសំណេះសំណា ដោយសម្ដេចបានចាត់ទុកកម្មវិធីនាថ្ងៃនេះ ជាការបង្កើនភាពជិតស្និត និងបញ្ជាក់កាន់តែច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ចំពោះនិវត្តជន និងអតីតយុទ្ធជនទាំងអស់ដូច ដែលបានធ្វើជារៀងរាល់ឆ្នាំ។
សម្ដេចឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថាសមិទ្ធផលកំពុងមានសព្វថ្ងៃនេះ គឺជាផលកើតចេញពីការធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់និវត្តជន និងអតីតយុទ្ធជនទូទាំងប្រទេសនិយាយជារួម និងក្នុងខេត្តបាត់ដំបងនយាយដោយឡែក ពិសេសចាប់តាំងពីប្រទេសស្ថិតក្នុងស្ថានភាពលំបាក ក្រីក្រ ទម្រាំអាចកសាងបានសន្តិភាព និងការអភិវឌ្ឍសម្រាប់អ្នកជំនាន់ក្រោយដូចដែលគ្រប់គ្នាបានឃើញបច្ចុប្បន្ននេះ។
សម្ដេចបានជំរាបជូននិវត្តជន និងអតីតយុទ្ធជន តាមរយៈគោលនយោបាយកំណែទម្រង់ជាបន្តបន្ទាប់ និវត្តជន និងអតីតយុទ្ធជន បានទទួលអត្ថប្រយោជន៍ដោយផ្ទាល់ជាបន្តបន្ទាប់ ដូចជាការតម្លើងប្រាក់សោធននិវត្តន៍ ការផ្ដល់បេឡាជាតិរបបសន្តិសុខសង្គម ដែលជាការបញ្ជាក់ថាទោះក្នុងស្ថានភាពយ៉ាងណាក៏ដោយ យើងទាំងអស់គ្នា ទាំងកំពុងធ្វើការ និងចូលនិវត្តន៍ គឺមិនបានបោះបង់គ្នាចោលនោះទេ។
ឆ្លៀតក្នុងឱកាសសំណេះសំណាលជាមួយនិវត្តជន និងអតីតយុទ្ធជនដែលមានវ័យចាស់ៗ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវពួកគាត់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពនារដូវក្ដៅនេះ ពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារ ដោយត្រូវប្រកាន់គោលការអនាម័យហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីរក្សាសុខភាពឲ្យបានល្អ ក្នុងដំណាក់កាលដែលវ័យកាន់តែចាស់ពីមួយឆ្នាំទៅមួយឆ្នាំ។
ជាចុងបញ្ចប់នៃពិធីជួបសំណេះសំណាលនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ បានឧបត្ថម្ភថវិកានិវត្តជនជាមន្រ្តីរាជការស៊ីវិល សមាជិកសមាជគមអតីតយុទ្ធជនជាជនមានពិការភាពក្នុងក្រុងបាត់ដំបង និងមន្រ្តីនគរបាលចូលនិវត្តន៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សរុប២៧១៦នាក់ ក្នុងម្នាក់ទទួលបានថវិកា៥ម៉ឺនរៀល៕ តាឡឹម