ខេត្តឧត្តរមានជ័យ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន បានអញ្ជើញជួបសំណេះសំណាល និង សួរសុខទុក្ខអតីតយុទ្ធជន ជាជនពិការចំនួន ៤២៣នាក់ កាលពីរសៀលថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នៅគេហដ្ឋានលោកផ្ទាល់ ក្នុងភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
លោកនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម បានមានប្រសាសន៍ផ្តាំផ្ញើនូវការសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្តេចមានការគិតគូរខ្ពស់ពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ជាជនពិការ និងក្រុមគ្រួសាររបស់បងប្អូន តែដោយសារសម្តេចមានការរវល់ក្នុងការងារប្រទេសជាតិ ទើបឲ្យលោកធ្វើជាស្ពានដើម្បីបន្តការស្រាវជ្រាវរកបងប្អូនដែលមិនមានឈ្មោះ ឬគ្រួសារមានការលំបាក និងគ្មានលំនៅឋានជាដើម ដើម្បីផ្តល់នូវភាពកក់ក្តៅជូនពួកគាត់ និងក្រុមគ្រួសាររបស់គាត់ដោយគ្មានរើសអើងនិន្នាការនយោបាយឡើយ ។
លោកបានផ្តាំផ្ញើឲ្យបងប្អូនខិតខំថែរក្សាសុខភាព ក្នុងការរស់នៅដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ពិសេសខិតខំដាំដុះ និងបង្កបង្កើនផលនៅលើផ្ទៃដីដែលបានចែកជូន និងបានជំរុញឲ្យលោកអភិបាលស្រុក ក៏ដូចជាអធិការ និងមេប៉ុស្តិ៍ ដោយសហការគ្នាជួយដល់ពួកគាត់ដោយផ្តល់ព័ត៌មានទៅវិញទៅមក ចៀសវាងការស្លាប់បាត់បង់អាយុជីវិតដោយការដាច់អាហារ ឬជំងឺផ្សេងៗ ដែលគាត់គ្មានមធ្យោបាយទៅដល់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពជាដាច់ខាត និងមិនត្រូវរើសអើងពួកគាត់ឡើយ ដោយចាត់ទុកគាត់ជាធនធានមួយដែលបានជួយជាតិ និងមាតុភូមិរបស់យើង ពីព្រោះដើម្បីជាតិនិងមាតុភូមិ បានជាពួកគាត់ធ្លាក់ខ្លួនពិការ ដូច្នេះយើងត្រូវតែសងគុណពួកគាត់វិញទោះស្ថិតក្នុងតម្លៃណាក៏ដោយ ។
លោកនាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា ចំពោះបងប្អូនជាអតីតយុទ្ធជន និង ជនពិការក្តីមិនត្រូវច្រណែនគ្នានោះទេ ពីព្រោះយើងមានគណៈកម្មការធ្វើការវាយតម្លៃ ដូច្នេះប្រាក់ខែក៏ទៅតាមនឹងដែរ ។ ទាំងអស់នេះគឺជាការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោសែនជាប្រធាន ហើយបងប្អូនត្រូវតែជឿជាក់ទៅលើសម្តេចតេជោ ហ៊ុន សែន និងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាតទៅទៀតដើម្បីបានសម្តេចធ្វើជាថ្នាក់ដឹកនាំប្រទេសតទៅ ទៀត ។ លោកក៏បានឧបត្ថម្ភដល់អតីតយុទ្ធជនទាំង ៤២៣នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល ផងដែរ ៕