ព័ត៌មានទាន់ហេតុការណ៍៖

យល់ច្រឡំសោះ!! ករណីប្លន់ម៉ូតូនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កាលពីថ្ងៃមុន គឺជាករណីវាយគ្នារត់ចោលម៉ូតូទេ ដោយជនរងគ្រោះយកម៉ូតូបានវិញ មិនសហការជាមួយសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះ យុវជន២នាក់បានមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីបំភ្លឺ និងសុំទោសសមត្ថកិច្ច ពាក់ព័ន្ធករណីវាយប្លន់ម៉ូតូ របស់ពួកគេ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នៅជិតបុរីពិភពថ្មី តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កន្លងទៅ ក៏ប៉ុន្តែនោះគឺជាករណីឈ្លោះវាយតបគ្នាទេ ដោយយុវជនខាងលើ បានរត់ចោលម៉ូតូ ហើយទៅប្ដឹងសមត្ថកិច្ចថាជាករណីប្លន់ បន្ទាប់មកពួកគេក៏បានទៅកន្លែងកើតហេតុ ក៏ឃើញម៉ូតូរបស់ខ្លួនវិញ រួចយកទៅស្រុកកំណើតបាត់ ដោយមិនដកពាក្យបណ្ដឹងរាយការណ៍ប្រាប់សមត្ថកិច្ចវិញឡើយ ។

យុវជនទាំង២នាក់ ខាងលើ ទី១ឈ្មោះ ពិត ជា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ បើកឡានបេតុង មានស្រុកកំណើតក្នុងភូមិព្រះម្លូរ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ។ ទី២ ឈ្មោះ យ៉ាន់ ពៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបបនៅផ្ទះ មានស្រុកកំណើតជាមួយគ្នា ។

គួររំលឹកផងដែរថា កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ យុវជនទាំង២នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងជារបស់ខ្លួន និងមិត្តភ័ក្តិ រួមដំណើរម៉ូតូ២គ្រឿងទៀត ដោយមានគ្នា៤នាក់ បានចេញពីផឹកសុីនៅក្នុងបុរីពិភពថ្មីចំការដូង ក្នុងគោលបំណងជូនមិត្តភ័ក្តិទៅកន្លែងដេក នៅចំណុចជិតកន្លែងកើតហេតុខាងលើ ហើយបានធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង ខណៈមកដល់មុខរោងចក្រស្រាបៀរកម្ពុជា ក៏បានឈ្លោះគ្នាជាមួយយុវជនមួយក្រុមទៀតមាន៣នាក់ជិះម៉ូតូ ហុងដា ZOOMER.X មិនចាំពណ៌ មិនចាំស្លាកលេខ រហូតដេញវាយគ្នាដល់កន្លែងកើតហេតុខាងលើ ទើបពួកគេបានផ្ដួលម៉ូតូរត់គេចទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ថា ករណីប្លន់ ។

បន្ទាប់ពីដាក់ពាក្យបណ្ដឹងរួចរាល់ យុវជនរងគ្រោះខាងលើ ក៏បានទៅកន្លែងកើតហេតុ រកមើលម៉ូតូស្រាប់តែឃើញម៉ូតូរបស់ខ្លួនវិញ ហើយក៏យកទៅស្រុកកំណើតនៅឯខេត្តព្រៃវែងបាត់ ដោយមិនបានដកពាក្យបណ្ដឹង និងសហការជាមួយសមត្ថកិច្ចឡើយ ធ្វើឲ្យខាងសមត្ថកិច្ចមានការអាប់ឱនកិត្តិយស ដោយក្នុងមូលដ្ឋានរបស់លោកអសន្តិសុខខ្លាំង ។

ដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយមានការរិះគន់ លោកវរៈសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានសហការជាមួយស្នងការនគរបាលខេត្តព្រៃវែង ដែលជាស្រុកកំណើតរបស់យុវជនខាងលើ និងបានស្រាវជ្រាវរកបុគ្គលទាំង២នាក់នេះ មកបកស្រាយ និងសុំទោសសមត្ថកិច្ចនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោជាសាធារណៈតែម្ដង ៕ ភារ៉ា ដង្កោ


ចែករំលែក៖